(វ៉ាទីកង់)៖ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានស្ញើចសរសើរជំនួបនារសៀលថ្ងៃអាទិត្យនេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯភូមិសន្តិភាព Panmunjom នៃតំបន់ព្រំដែនអន្តរកូរ៉េ DMZ ហើយសម្តេចប៉ាប សង្ឃឹមថាកាយវិការប្រកបដោយភាពវិជ្ជមាននេះ នឹងនាំទៅរកសុខសន្តិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។

កំឡុងការថ្លែងសុន្ទរកថាព្រមទាំងប្រទានពរប្រចាំសប្តាហ៍ ទៅកាន់មនុស្សរាប់ពាន់នាក់នៅឯទីលាន St. Peter (Staint Peter) ក្នុងបុរីវ៉ាទីកង់ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានឆ្លៀតឱកាសលើកឡើងថា រសៀលថ្ងៃអាទិត្យនេះ ពួកយើងទាំងអស់គ្នា បានមើលឃើញឧទាហរណ៍ដ៏ល្អមួយនៃវប្បធម៌ប្រាស្រ័យទាក់ទងគ្នា ដែលចង់សំដៅលើជំនួបលោក ត្រាំ និង លោក គីម នៅភូមិ Panmunjom។

សម្តេចប៉ាបបានបន្តថា សម្តេចសូមស្ញើចសរសើរចំពោះមេដឹកនាំទាំងពីរ និងសង្ឃឹមថាកាយវិការវិជ្ជមានយ៉ាងប្រពៃនេះ នឹងក្លាយជាជំហានវែងមួយទៀត នៅលើផ្លូវឆ្ពោះទៅរកសុខសន្តិភាពមិនត្រឹមតែ សម្រាប់ឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺសម្រាប់ជាប្រយោជន៍នៃពិភពលោកយើងទាំងមូលផងដែរ។

គិតចាប់តាំងពីសម័យសង្រ្គាមកូរ៉េសម័យឆ្នាំ១៩៥០-១៩៥៣ ដែលធ្វើឲ្យឧបទ្វីបកូរ៉េបែកជាពីរ នារសៀលថ្ងៃអាទិត្យនេះ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលបានឈានចូលក្នុងទឹកដីកូរ៉េខាងជើង ទាំងកំពុងកាន់អំណាច នៅពេលលោកជួបមុខគ្នាជាមួយ លោក គីម ជុងអ៊ុន នៅតំបន់ព្រំដែន DMZ។ ក្នុងជំនួបនេះ លោក ត្រាំ និង លោក គីម បានយល់ព្រមបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីវាបានជាប់គាំងក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ។

គួរជម្រាបថា នៅពេលគ្រោងទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង នាចុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ពុំបានគិតថានឹងជួបលោក គីម ជុងអ៊ុន ឡើយ តែកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅពេលលោកត្រៀមចេញពីចូលរួមកិច្ចប្រជុំ G20 ដែលរៀបចំឡើងនៅប្រទេស​ជប៉ុន ដើម្បីឆ្ពោះទៅកាន់កូរ៉េខាងត្បូង លោក ត្រាំ បានបង្ហោះសារមួយលើបណ្តាញ Twitter ដែលប្រៀបដូចជាការអញ្ជើញលោក គីម យ៉ាងដូច្នោះឲ្យជួបមុខគ្នានៅតំបន់ DMZ ត្រឹមមួយភ្លែតក៏បានដែរ ខណៈពេលបានជួបមុខគ្នា លោក គីម ថាលោកភ្ញាក់ផ្អើល​ពេលបានឃើញសារមួយនោះរបស់លោក ត្រាំ។

មកដល់កំឡុងការធ្វើសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នាថ្ងៃអាទិត្យ នៅទីក្រុងសេអ៊ូល តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោក ត្រាំ និង លោក មូន ត្រូវចេញដំណើរទៅពិនិត្យមើលតំបន់ DMZ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៃកូរ៉េខាងទាំងពីរ មេដឹកនាំទាំងពីរក៏បានបញ្ជាក់ច្បាស់ៗដូចគ្នាថា លោក គីម បានយល់ព្រមមកជួបលោក ត្រាំ នៅតំបន់ DMZ ទើបជំនួបនារសៀលនេះបានកើតមានឡើង ហើយប្រព្រឹត្តទៅជិតមួយម៉ោង ខណៈវាគឺជាលើកទីបីហើយ ដែលលោក ត្រាំ និង លោក គីម បានជួបមុខគ្នា បន្ទាប់ពីនៅសិង្ហបុរី និងនៅវៀតណាម៕