(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឡើងយន្តហោះ Air Force One ចាកចេញពីប្រទេសកូរ៉េខាងត្បូងហើយ ក្រោយចំណាយពេលអស់ប៉ុន្មានថ្ងៃ នៅតំបន់អាស៊ីខាងកើត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
ក្រោយចំណាយពេល០៤ថ្ងៃ០៣យប់ទស្សនកិច្ចនៅតំបន់អាស៊ីខាងកើត គឺចាប់តាំងពីការចូលរួមកិច្ចប្រជុំកំពូល G20 នៅឯទីក្រុងអូសាកាប្រទេសជប៉ុន និងការបន្តដំណើរមកកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ បានចាកចេញពីគោលដៅចុងក្រោយរបស់លោក គឺមូលដ្ឋានទ័ពអាកាសអូសាន នៅកូរ៉េខាងត្បូង កាលពីម៉ោង០៧៖០៩នាទីយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅកូរ៉េខាងត្បូង ដែលស្មើនឹងម៉ោង០៥៖០៩នាទីល្ងាចនៅកម្ពុជាយើង)។
គួរជម្រាបថា ការធ្វើដំណើរត្រឡប់ទៅវិញនេះ គឺយឺតជាងកាលកំណត់ប្រហែល៩០នាទី ខណៈពីដំបូងឡើយ លោក ត្រាំ ត្រូវទៅដល់រដ្ឋធានីវ៉ាស៊ីនតោននៅម៉ោង០៨៖១៥ទីយប់ថ្ងៃអាទិត្យនេះ (ល្វែងម៉ោងនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង០៧៖១៥នាទីព្រឹកថ្ងៃចន្ទ នៅកម្ពុជា)។ មុនទៅកាន់មូលដ្ឋានទ័ពអាកាសអូសាន លោក ត្រាំ បានចំណាយពេលជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជិតមួយម៉ោង នៅភូមិសន្តិភាព Panmumjom នៃតំបន់ព្រំដែនអន្តរកូរ៉េ DMZ ដែលជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះត្រឹមតែប៉ុន្មានម៉ោងមុនជំនួបនេះប៉ុណ្ណោះ ទើបលោក ត្រាំ បង្ហើបឲ្យដឹងថា វានឹងកើតឡើង៕