(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបមុខគ្នាជាថ្មីម្តងទៀត ដោយលើកនេះគឺនៅភូមិ Panmunjom នៃតំបន់ព្រំដែនអន្តរកូរ៉េ DMZ ក្នុងឱកាសលោក ត្រាំ កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។
លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់តំបន់ DMZ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ិន ក្រោយពីមេដឹកនាំទាំងពីរបានអះអាងថា លោក គីម ជុងអ៊ុន នឹងបង្ហាញវត្តមាននៅទីនោះ ដើម្បីជួបមុខលោក ត្រាំ មួយភ្លែត ដែលវាគឺជាការជួបមុខគ្នាលើកទីបីហើយ រវាងលោក ត្រាំ និង លោក គីម។ ជំនួបនាថ្ងៃអាទិត្យនេះបានធ្វើឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានឈានជើងជាន់ដីកូរ៉េខាងជើង ទាំងកំពុងនៅកាន់អំណាច គិតចាប់តាំងពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។
ក្រោយចាប់ដៃនិងជជែកគ្នាបានប៉ុន្មានម៉ាត់ លោក ដូណាល់ ត្រាំ ក៏បានឈានជើងឆ្លងបន្ទាត់ព្រំដែនអន្តរកូរ៉េ ដែលស្ថិតនៅភូមិ Panmunjon ហើយបន្តដំណើរទៅមុខប្រហែលជា២០ជំហានទៀត នៅលើដែនដីរបស់កូរ៉េខាងជើង ជាមួយលោក គីម ជុងអ៊ុន មុនពេលត្រឡប់ចូលមកដីកូរ៉េខាងត្បូងវិញ ដើម្បីចាប់ផ្តើមការពិភាក្សាគ្នាជាមួយលោក គីម។
ទង្វើខាងលើនេះបានធ្វើឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានឈានជើងជាន់ដីកូរ៉េខាងជើង ទាំងកំពុងនៅកាន់អំណាច គិតចាប់តាំងពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ខណៈជាច្រើនឆ្នាំកន្លងមក ក៏ធ្លាប់មានអតីតប្រធានាធិបតីអាមេរិក ធ្លាប់ជាន់ទឹកដីកូរ៉េខាងជើងដែរ ដូចជាលោក Jimmy Carter នៅឆ្នាំ១៩៩៤ និងឆ្នាំ២០១០ និងលោក Bill Clinton នៅឆ្នាំ២០០៩ ប៉ុន្តែមិនមែនក្នុងនាមជាមេដឹកនាំអាមេរិក ដែលកំពុងតែកាន់អំណាចដូចលោក ត្រាំ ឡើយ។
ក្រោយជួបពិភាក្សាគ្នាជិតមួយម៉ោងនៅតំបន់ព្រំដែន DMZ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រឡប់ទៅខាងប្រទេសលោកវិញហើយ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោក និងលោក គីម បានឯកភាពគ្នាចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាថ្មី បន្ទាប់ពីវាបានជាប់គាំងកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីពីរនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្រោយជូនដំណើរលោក គីម ត្រឡប់ទៅវិញ នៅឯតំបន់ព្រំដែនអន្តរកូរ៉េ លោក ត្រាំ បាននិយាយថា ជំនួបលោកជាមួយលោក គីម បានប្រព្រឹត្តទៅយ៉ាងប្រសើរ ដែលមានរយៈពេលប្រហែល៥០នាទី ខណៈកំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ិន នៅទីក្រុងសេអ៊ូល លោក ត្រាំ បានអះអាងថា នឹងជួបលោក គីម ដើម្បីចាប់ដៃនិងនិយាយសួស្តីគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ។
បើតាមលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានយល់ព្រមបន្តកិច្ចចរចាឡើងវិញស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដោយក្រុមមន្រ្តីចរចាខាងទីក្រុងវ៉ាស៊ីនតោន គឺនឹងត្រូវដឹកនាំដោយអ្នកតំណាងពិសេសអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើងផ្ទាល់ គឺលោក Stephen Biegun។ លោក ត្រាំ បានឲ្យដឹងថា ក្រុមមន្រ្តីរបស់លោកនឹងចាប់ផ្តើមចាត់ចែងការងារពាក់ព័ន្ធបញ្ហានេះឡើងវិញ ក្នុងពេលពីរទៅបីសប្តាហ៍ខាងមុខ ខណៈលោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងអ្វីឡើយ។
គួរជម្រាបថា ក្រោយការចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកានៃប្រទេសជប៉ុន និងការបន្តមកទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ ក៏បានឡើងយន្តហោះត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ នាថ្ងៃអាទិត្យដដែលនេះ។
គួរជម្រាបថា លោក ត្រាំ និង លោក គីម ធ្លាប់ជួបមុខគ្នាពីរដងក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានរៀបចំឡើង នៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅប្រទេសវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិភាក្សាពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង តែជំនួបចុងក្រោយបានបញ្ចប់ទៅដោយពុំមានផ្លែផ្កាអ្វី ខណៈកិច្ចចរចាក៏បានជាប់គាំងតាំងពីពេលនោះមក៕