(សេអ៊ូល)៖ ក្រោយជួបពិភាក្សាគ្នាជិតមួយម៉ោងនៅតំបន់ព្រំដែន DMZ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រឡប់ទៅខាងប្រទេសលោកវិញហើយ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកនិងលោក គីម បានឯកភាពគ្នាចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាថ្មី បន្ទាប់ពីវាបានជាប់គាំងកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីពីរនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្រោយជូនដំណើរលោក គីម ត្រឡប់ទៅវិញ នៅឯតំបន់ព្រំដែនអន្តរកូរ៉េ លោក ត្រាំ បាននិយាយថា ជំនួបលោកជាមួយលោក គីម បានប្រព្រឹត្តទៅយ៉ាងប្រសើរ ដែលមានរយៈពេលប្រហែល៥០នាទី ខណៈកំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅទីក្រុងសេអ៊ូល លោក ត្រាំ បានអះអាងថា នឹងជួបលោក គីម ដើម្បីចាប់ដៃនិងនិយាយសួស្តីគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ។
បើតាមលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានយល់ព្រមបន្តកិច្ចចរចាឡើងវិញស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដោយក្រុមមន្រ្តីចរចាខាងទីក្រុងវ៉ាស៊ីនតោន គឺនឹងត្រូវដឹកនាំដោយអ្នកតំណាងពិសេសអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើងផ្ទាល់ គឺលោក Stephen Biegun។ លោក ត្រាំ បានឲ្យដឹងថា ក្រុមមន្រ្តីរបស់លោកនឹងចាប់ផ្តើមចាត់ចែងការងារពាក់ព័ន្ធបញ្ហានេះឡើងវិញ ក្នុងពេលពីរទៅបីសប្តាហ៍ខាងមុខ ខណៈលោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងអ្វីឡើយ។
គួរជម្រាបថា ក្រោយការចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកានៃប្រទេសជប៉ុន និងការបន្តមកទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ នឹងត្រូវឡើងយន្តហោះត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ នាថ្ងៃអាទិត្យនេះ៕