(ស៊េអូល)៖ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ DMZ នាថ្ងៃអាទិត្យនេះ ដើម្បីជួបមុខគ្នាជាលើកទីបីជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ក្រោយចាប់ដៃនិងជជែកគ្នាបានប៉ុន្មានម៉ាត់ លោក ដូណាល់ ត្រាំ ក៏បានឈានជើងឆ្លងបន្ទាត់ព្រំដែនអន្តរកូរ៉េ ដែលស្ថិតនៅភូមិ Panmunjon ហើយបន្តដំណើរទៅមុខប្រហែលជា២០ជំហានទៀត នៅលើដែនដីរបស់កូរ៉េខាងជើង ជាមួយលោក គីម ជុងអ៊ុន មុនពេលត្រឡប់ចូលមកដីកូរ៉េខាងត្បូងវិញ ដើម្បីចាប់ផ្តើមការពិភាក្សាគ្នាជាមួយលោក គីម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ស្ថានីយទូរទស្សន៍ CNN នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
ទង្វើខាងលើនេះ បានធ្វើឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានឈានជើងជាន់ដីកូរ៉េខាងជើង ទាំងកំពុងនៅកាន់អំណាច គិតចាប់តាំងពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ខណៈជាច្រើនឆ្នាំកន្លងមក ក៏ធ្លាប់មានអតីតប្រធានាធិបតីអាមេរិក ធ្លាប់ជាន់ទឹកដីកូរ៉េខាងជើងដែរ ដូចជាលោក Jimmy Carter នៅឆ្នាំ១៩៩៤ និងឆ្នាំ២០១០ និងលោក Bill Clinton នៅឆ្នាំ២០០៩ ប៉ុន្តែមិនមែនក្នុងនាមជាមេដឹកនាំអាមេរិក ដែលកំពុងតែកាន់អំណាចដូចលោក ត្រាំ ឡើយ។
គួរជម្រាបថា ខណៈនេះលោក ត្រាំ និង លោក គីម កំពុងស្ថិតក្នុងជំនួបពិភាក្សាគ្នាលក្ខណៈបិទទ្វារ នៅភូមិសន្តិភាព Panmunjon ខាងទឹកដីកូរ៉េខាងត្បូង ជាទីដែលលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ធ្លាប់ជួបគ្នាប៉ុន្មានលើកមកហើយដែរ ក្នុងឆ្នាំ២០១៨៕