(ប៉េកាំង)៖ កាសែតរដ្ឋចិន China Daily បានព្រមានថា ចិននិងសហរដ្ឋអាមេរិក នឹងត្រូវដើរលើផ្លូវវែងឆ្ងាយទៀត មុនពេលប្រទេសទាំងពីរ អាចឈានដល់កិច្ចព្រមព្រៀងមួយបាន ដើម្បីបញ្ចប់បញ្ហាវិវាទពាណិជ្ជកម្មដ៏តានតឹងនាពេលបច្ចុប្បន្ន ក្រោយលោក លោក ស៊ី ជិនពីង និង លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅប្រទេសជប៉ុនជាលើកដំបូង ចាប់តាំងតែពីកិច្ចចរចារវាងភាគីទាំងពីរ បានជាប់គាំងកាលពីខែឧសភាកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងជំនួបកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G20 ដែលត្រូវបានរៀបចំឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកការដំឡើងពន្ធដាក់គ្នា និងបន្តកិច្ចចរចាឡើងវិញ។
យ៉ាងណាមិញ បើតាមសារព័ត៌មាន China Daily ដែលស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយមួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានថា ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមមិនដំឡើងពន្ធលើទំនិញចិនបន្តបន្ទាប់ទៀត ដើម្បីបើកផ្លូវសម្រាប់ការបើកកិច្ចរចាឡើងវិញក៏ដោយ អ្វីៗទាំងអស់នៅតែមិនទាន់ច្បាស់ទាំងស្រុងឡើយ ពោលគឺនៅមានដំណើរវែងឆ្ងាយទៀត មុនពេលមហាយក្សសេដ្ឋកិច្ចទាំងពីរអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាផ្លូវការ។
គួរជម្រាបថា ខណៈសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ពោលគឺសង្រ្គាមដំឡើងពន្ធដាក់គ្នា បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៨ នៅចុងខែវិច្ឆិកា ឆ្នាំដដែល លោក ស៊ី និង លោក ត្រាំ បានឯកភាពគ្នាផ្អាកការធ្វើសង្រ្គាមនេះ ហើយបើកកិច្ចចរចាសំដៅបញ្ចប់ជម្លោះ ប៉ុន្តែកិច្ចចរចានេះបានជាប់គាំងកាលពីខែឧសភាកន្លងទៅ ជាហេតុធ្វើឲ្យលោក ត្រាំ សម្រេចដំឡើងពន្ធលើទំនិញចិន២០០ពាន់លានដុល្លារ ហើយទីក្រុងប៉េកាំងក៏បានដំឡើងពន្ធដាក់។ ក្រោយមក លោក ត្រាំ ថែមទាំងបានគំរាមថា លោកនឹងដំឡើងពន្ធលើទំនិញចិន៣០០ពាន់លានដុល្លារទៀត បើជំនួបនៅថ្ងៃសៅរ៍ម្សិលមិញនេះ ពុំទទួលបានលទ្ធផលអ្វីទេនោះ៕