BREAKING NEWS: លោក ដូណាល់ ត្រាំ នឹងជួបលោក គីម ជុងអ៊ុន នៅតំបន់ព្រំដែនអន្តរកូរ៉េ
30-06-2019 11:37
(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯតំបន់ព្រំដែនអន្តរកូរ៉េ DMZ នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយស្ថានីយទូរទស្សន៍ CNN នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានធ្វើការបញ្ជាក់ច្បាស់បែបនេះ កំឡុងសន្និសីទសារព័ត៌មានមួយជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ដែលនឹងអមដំណើរលោកទៅកាន់ភូមិ Panmunjom នៅតំបន់ព្រំដែនអន្តរកូរ៉េ នាថ្ងៃអាទិត្យនេះ។ លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកចង់ជួបជាមួយលោក គីម ជុងអ៊ុន នៅតំបន់ DMZ កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅឯប្រទេសជប៉ុន មុនពេលត្រូវចេញដំណើរមកទស្សនកិច្ចនៅកូរ៉េខាងត្បូង។
គួរជម្រាបថា លោក ត្រាំ និង លោក គីម ធ្លាប់ជួបមុខគ្នាពីរដងក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានរៀបចំឡើង នៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅប្រទេសវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ខណៈជំនួបលើកចុងក្រោយ បានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វីឡើយ៕