(សេអ៊ូល)៖ នាព្រឹកថ្ងៃអាទិត្យនេះ កំឡុងដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងចាកចេញពីទីក្រុងសេអ៊ូលឆ្ពោះទៅកាន់តំបន់ព្រំដែនគ្មានយោធា DMZ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បន្ទាប់ពីលោកបាននិយាយថា ចង់ជួបមុខប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីនោះ ហើយលោក គីម ផ្ទាល់ក៏ចង់ដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងសារមួយបង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ជួបលោកប្រធាន គីម នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!... ហើយបើអាចយើងនឹងបាន ឃើញមុខគ្នាទៅវិញទៅមកតែ២នាទីក៏បាន»។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆឺ សុនហ៊ុយ (Choe Son Hui) បាននិយាយថា វាគឺជារឿងល្អនិងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនបានទទួលសំណើរផ្លូវការ ដើម្បីរៀបចំការជួបមុខគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ ពីសំណាក់សហរដ្ឋអាមេរិកឡើយ។
គួរជម្រាបថា លោក ត្រាំ និង លោក គីម ធ្លាប់ជួបមុខគ្នាពីរដងក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានរៀបចំឡើង នៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅប្រទេសវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ខណៈជំនួបលើកចុងក្រោយ បានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វីឡើយ៕