(អូតាវ៉ា)៖ កប៉ាល់ដឹកសំរាមចំនួន៦៩កុងតឺណឺ ដែលកាណាដាបានជួលកាលពីចុងខែមុន ឲ្យទៅដឹកយកមកសំរាមរបស់ខ្លួនពីប្រទេសហ្វីលីពីនវិញនោះ ទីបំផុតបានធ្វើដំណើរមកដល់ប្រទេសកាណាដាវិញហើយ ដែលនេះគឺជាការបិទបញ្ចប់បញ្ហាវិវាទសំរាម ដែលបានបង្កឡើងតាំងពីឆ្នាំ២០១៣ និងធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាមិនចំខ្លាំង អំឡុងប៉ុន្មានខែចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
កប៉ាល់ខាងលើបានមកដល់កំពង់ផែមួយនៅជាយក្រុង Vancouver របស់កាណាដា ជាមួយសំរាម៦៩កុងតឺណឺ នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅទីក្រុង Vancouver) ខណៈសំរាមទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់រោងចក្រកែច្នៃកាកសំណល់ឲ្យទៅជាថាមពល។
រឿងបញ្ហាសំរាមនេះបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៣និងឆ្នាំ២០១៤ នៅពេលដែលក្រុមហ៊ុនមួយរបស់កាណាដា បានដឹកកុងតឺណឺចជាច្រើនគ្រឿង ដែលបន្លំបិទស្លាកសម្គាល់ថាជា កាកសំណល់ប្លាស្ទិកអាចកែច្នៃឡើងវិញបានសុទ្ធ ទៅកាន់ប្រទេសហ្វីលីពីន។
តែតាមពិតទៅកុងតឺណឺទាំងអស់នោះ មានផ្ទុកកាកសំណល់លាយឡំគ្នារវាងក្រដាស ប្លាស្ទិក គ្រឿងអេឡិចត្រូនិច និងសំរាមតាមផ្ទះជាដើម ខណៈច្បាប់នៅហ្វីលីពីនហាមឃាត់ការនាំចូលសំរាមបែបនេះ។ ស្របពេលដែលសំរាមមួយចំនួនក៏ត្រូវបានបំផ្លាញចោល នៅក្នុងប្រទេសហ្វីលីពីន កុងតឺណឺផ្ទុកសំរាមភាគច្រើនគឺបានបន្តនៅទុកចោលអស់រយៈពេលរាប់ឆ្នាំ។
គួរជម្រាបថា បញ្ហាសំរាមនេះបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកាណាដានិងហ្វីលីពីន តាំងពីពេលនោះមកម្ល៉េះ ប៉ុន្តែភាពតានតឹងបានកើនឡើងខ្លាំងកាលពីខែមេសាកន្លងទៅ នៅពេលប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានប្រកាសសង្រ្គាមជាមួយកាណាដា ប្រសិនបើកាណាដាមិនទៅដឹកសំរាមរបស់ខ្លួនយកទៅវិញ។ ទោះបីពីដំបូងមិនអាចធ្វើតាមកាលកំណត់របស់ហ្វីលីពីន ដើម្បីទៅដឹកសំរាមមកយកវិញកាលពីថ្ងៃទី១៥ ខែឧសភា យ៉ាងណាក្តី នៅចុងខែដដែល កាណាដាក៏បានជួលដឹកកប៉ាល់ខាងលើឲ្យឆ្ពោះទៅហ្វីលីពីន ដឹកជញ្ជូនសំរាមទាំងនោះមកប្រទេសដើមវិញ៕