(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា ក្រុមហ៊ុនអាមេរិកនានានឹងទទួលការអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនចិន Huawei ឡើងវិញ ដែលនេះមានន័យថា Huawei នឹងអាចត្រូវដកពីបញ្ជីខ្មៅ នៃបម្រាមពាណិជ្ជកម្មក្នុងពេលឆាប់ៗ៕

២៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ថាការទិញ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីគឺជាបញ្ហា ប៉ុន្តែយើងគឺជាមិត្តនឹងគ្នា៕

 

៣៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ បន្ទាប់ពីជម្រកបណ្តោះអាសន្នរបស់កម្មករត្រូវបានជញ្ជាំង ការដ្ឋានសំណង់មួយបាក់សង្កត់ពីលើ ស្ថិតនៅទីក្រុងភូណេ (Pune) ភាគខាងលិច នៃប្រទេសឥណ្ឌា ខណៈតំបន់នេះទើបតែកើតមានភ្លៀងធ្លាក់យ៉ាងខ្លាំង៕

 

៤៖ តំបន់ជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតែទទួលរងនូវរលកកម្តៅប្រចាំឆ្នាំ ដែលបាននិងកំពុងបង្កទៅគ្រោះមហន្តរាយ ផងដែរ ខណៈនៅអេស្ប៉ាញមានសេចក្តីរាយការណ៍ថា មនុស្ស០២នាក់ហើយបានបាត់បង់ជីវិត ហើយនៅទីក្រុង ប៉ារីសប្រទេសបារាំងវិញ សីតុណ្ហភាពបានកើនឡើងខ្ពស់ដល់ជាង ៤៥អង្សាសេជាលើកដំបូងបំផុតជាហេតុធ្វើឲ្យ ការធ្វើដំណើរក្នុងទីក្រុងមានភាពលំបាក៕

 

៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បាននិយាយថាលោកពិតជាចង់ជួបមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងសប្ដាហ៍នេះ នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង៕

 

៦៖ សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូនប្រុសរបស់ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចោទថាបានចូលរួមក្នុងសកម្មភាពបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ៕