(ប៉េកាំង)៖ នៅពេលដែល លោក Matthew Scott ត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីបំពេញ ការងារជាវិស្វករនៅឯក្រុមហ៊ុន Microsoft កាលពីឆ្នាំ២០១៦ លោកផ្ទាល់មិនដែលគិតឡើយថានឹង មានឱកាសបង្កើតក្រុមហ៊ុនដោយខ្លួនឯង ដោយសារតែយល់ថាចិនគ្រាន់តែជាប្រទេសចម្លង បច្ចេកវិទ្យាពីអ្នកដទៃប៉ុណ្ណោះ។
ប៉ុន្តែ លោក Matthew Scott បែរជាប្ដូរទស្សននេះចោលទាំងស្រុង បន្ទាប់ពីលោកបានក្លាយជា នាយកផ្នែកបច្ចេកវិទ្យាប្រចាំក្រុមហ៊ុន Malong Technologies ក្នុងទីក្រុង Shenzhen នៃភាគខាងត្បូងប្រទេសចិន ដែលត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាតំបន់ឧស្សហកម្មដូចជា តំបន់ Silicon Valley របស់សហរដ្ឋអាមេរិក នៅពេលអនាគត។ មិនតែប៉ុណ្ណោះ លោក Scott ក៏បានចាត់ទុកផងដែរថាចិនគឺជាទីជម្រកសម្រាប់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)។
ប៉ុន្តែ តើមហាយក្សសេដ្ឋកិច្ចលេខ២លើលោកមួយនេះប្រែក្លាយខ្លួនពីប្រទេសចម្លងបច្ចេកវិទ្យា អ្នកដទៃ ទៅជាគូប្រជែងសេដ្ឋកិច្ចដ៍ធំរបស់សហរដ្ឋអាមេរិក បានយ៉ាងដូចម្ដេច?
*យុទ្ធសាស្ត្រ MADE IN CHINA 2025
ត្រឡប់មើលទៅរកអតីត ចិនគ្រាន់តែជាប្រទេសដែលគេចាត់ទុកថាដើរចម្លងបច្ចេកវិទ្យាពីអ្នកដទៃ ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃ សេតវិមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា មហាយក្សមួយនេះគឺជាគូប្រជែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដ៏ធំបំផុតរបស់ខ្លួន។ ជុំវិញការរីកចំរើន យ៉ាងឆាប់រហស័របស់ចិននេះដែរ លោក Edward Tse ជាស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Gao Feng Advisory Company យល់ថាចិនអភិវឌ្ឍខ្លួនឯងយ៉ាងលឿន ដោយសារតែទីក្រុង ប៉េកាំង ចេះប្រើប្រាស់ការចម្លងពីអ្នកដទៃ ឱ្យទៅជាការសិក្សាស្រាវជ្រាវបង្កើតបច្ចេកវិទ្យាដោយដៃ ខ្លួនឯងផ្ទាល់។ លោក Edward Tse បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនចាប់ផ្ដើមរៀនសូត្រពីគេ ដើម្បី អភិវឌ្ឍខ្លួនឯង ជាពិសេសគឺទទួលស្គាល់ថាពិភពលោកខាងក្រៅ មានភាពខុសគ្នាយ៉ាងខ្លាំង...ពោលគឺ ជំហានទី១របស់ចិន ដើម្បីអភិវឌ្ឍខ្លួនឯង គឺការសម្លឹងមើលពិភពខាងក្រៅរបស់ចិន»។
នៅក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសដាក់ចេញយុទ្ធសាស្ត្រ Made in China 2025 ដើម្បីប្រែប្រទេសចិនបច្ចប្បន្ន ដែលជារោងចក្រសម្រាប់ផលិតផលនានាឱ្យក្លាយទៅជា មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ ដ៏មានថាមពលនៅលើពិភពលោក។ ផ្នែកខ្លះនៃយុទ្ធសាស្ត្រនេះក៏មាន ផងដែរ ការធ្វើការងារជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីទិញក្រុមហ៊ុនបច្ចេកវិទ្យានៅឯក្រៅប្រទេស ក្នុងនោះរួមមានទាំងនៅសហរដ្ឋអាមេរិក ហើយដែលយុទ្ធសាស្រ្តនេះឯងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ចោទថាទីក្រុងប៉េកាំងកំពុងព្យាយាមលួចបច្ចេកវិទ្យាអាមេរិក ក៏ដូចជាបំផ្លាញសន្តិសុខជាតិអាមេរិក។
ប៉ុន្តែចិនបដិសេធ ហើយយុទ្ធសាស្រ្ត Made in China 2025 ត្រូវបានអ្នកជំនាញខ្លះអះអាងថាមិនមែន គ្រាន់តែជាយុទ្ធសាស្រ្តវិនិយោគក្រៅប្រទេសតែប៉ុណ្ណោះទេ តែវាមានគោលដៅបង្កើនសង្វាក់ផលិតកម្ម នៅក្នុងស្រុក និងធ្វើឱ្យប្រាកដថាផលិតផលក្នុងប្រទេសចិន មានគុណភាពល្អជាងគេផងដែរ៕
ប្រភព៖ CNA (ថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩)