(អូសាកា)៖ កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី ១៤ នៃមហាអំណាចសេដ្ឋកិច្ចពិភពលោក G20 ដែលប្រារព្ធឡើងក្នុងទីក្រុងអូសាកា នៃប្រទេសជប៉ុនរយៈពេលពីរថ្ងៃមកហើយនោះ ត្រូវបានបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃសៅរ៍នេះ ដោយបណ្តាថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសជាសមាជិក បានធ្វើការប្តេជ្ញារួមគ្នា ដើម្បីសម្រេចឲ្យបាននូវបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រកបតម្លាភាព យុត្តិធម៌ គ្មានការរើសអើង មានការព្យាករណ៍ និងមានស្ថិរភាព ដែលនឹងរក្សាឲ្យបានជានិច្ចនូវការបើកចំហទីផ្សារ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួ នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍រួមដែលត្រូវបានឯកភាពគ្នា ដោយបណ្តាថ្នាក់ដឹកនាំ G20 បានបញ្ជាក់ថា ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ គឺជាកម្លាំងរុញច្រានដ៏សំខាន់ទៅក្នុងកំណើន ផលិតភាពការងារ ការច្នៃប្រឌិត ការបង្កើតការងារ និងការអភិវឌ្ឍជារួម។ បន្ថែមពីនេះទៀត មេដឹកនាំទាំងអស់ក៏បានព្រមព្រៀងគ្នា បន្តគិតគូរអំពីការធ្វើកំណែទម្រង់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីកែលម្អមុខងាររបស់ស្ថាប័នអន្តរជាតិមួយនេះ ហើយសមាជិក G20 បានសង្កត់ធ្ងន់ថា ពួកគេនឹងធ្វើការងាររួមគ្នាប្រកបដោយលក្ខណៈស្ថាបនា ជាមួយនឹងបណ្តាប្រទេសសមាជិក WTO ឯទៀតៗ ឈានទៅរកការបើកសន្និសីទលើកទី ១២ ថ្នាក់រដ្ឋមន្ត្រីរបស់បណ្តាប្រទេសសមាជិក WTO នាពេលខាងមុខ។
សម្រាប់ការជម្រុញឲ្យមានកំណែងទម្រង់ខាងលើនេះ គឺចង់សំដៅទៅលើការបង្កើនតួនាទីរបស់ WTO ក្នុងការដោះស្រាយវិវាទរវាងរដ្ឋជាសមាជិក នៅក្នុងវិស័យពាណិជ្ជកម្ម តាមរយៈការបង្កើតប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាពជាងមុន ជាមួយនឹងបទបញ្ញតិនានា ដែលត្រូវបានលើកឡើងកន្លងមក ដោយបណ្តារដ្ឋជាសមាជិក។ មេដឹកនាំក្នុងកិច្ចប្រជុំ G20 ក៏បានឯកភាពផងដែរ ទៅលើការបង្កើនកម្រិតនៃកិច្ចពិភាក្សាពាណិជ្ជកម្ម ឲ្យកាន់តែទូលំទូលាយ ដើម្បីធានាឲ្យបាននូវបរិយាកាសពាណិជ្ជកម្ម ដែលប្រសើរឡើងជាលំដាប់។
គួរបញ្ជាក់ថា មិនត្រឹមតែជាវេទិកាសម្រាប់កិច្ចពិភាក្សាអំពីផែនការដ៏ធំធេង ក្នុងការសម្រួលវិស័យ ពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែប្រសើរឡើងជាសកលនោះឡើយ ដោយបណ្តាថ្នាក់ដឹកនាំប្រទេសនានា ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ក៏បានឆ្លៀតឱកាសបង្កើតនូវកិច្ចពិភាក្សាទ្វេភាគី ត្រីភាគី ឬពហុភាគី ដើម្បីដោះស្រាយបញ្ហារៀងៗខ្លួនផងដែរ តួយ៉ាងដូចជាកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីឈានឆ្ពោះទៅដោះស្រាយវិវាទពាណិជ្ជកម្មកន្លងមកនេះ និងកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិក ជាមួយប្រធានាធិបតីចិន ដើម្បីស្វែងរកផ្លូវចាកចេញពីសង្គ្រាមដំឡើងពន្ធជាដើម សុទ្ធតែជាលទ្ធផលដែលគ្រប់គ្នាចង់ឃើញ៕