(អូសាកា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ ថាការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីគឺជាបញ្ហា ប៉ុន្តែយើងគឺជាមិត្តនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ក្នុងទីក្រុងអូសាកាប្រទេសជប៉ុន ជាទីដែលមេដឹកនាំទាំងពីរកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល G20។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងថា «ការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីគឺជាបញ្ហាមួយ ហើយ វាគ្មានសំណួរអ្វីត្រូវចោទសួរលើបញ្ហានេះទេ តែអ្វីដែលគួរដឹងវាមិនមែនជារឿងល្អនោះទេ... តែយ៉ាងណាយើងមិត្តនឹងគ្នា ជាដៃគូពាណិជ្ជកម្មដ៏ធំ»។
គួរជម្រាបថា នៅក្នុងជំនួបជាមួយលោក ពូទីន នៅថ្ងៃសៅរ៍នេះដែរ លោក អឺដូហ្គាន់ បានអះអាងថា និតិវិធីប្រគល់ S-400 ឱ្យតួកគីកំពុងដំណើការទៅមុខ ដោយគ្មានការពន្យារពេលអ្វីនោះទេ បើទោះជាកំពុងប្រឈមមុខនឹងទណ្ឌកម្មអាមេរិកក៏ដោយ។ សហរដ្ឋអាមេរិកធ្លាប់បានទុកពេលឱ្យ តួកគីរហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ ដើម្បីសម្រេចចិត្តបោះបង់ចោល S-400 បើសិនចង់បាន យន្ដហោះចម្បាំង F-35 និងមិនចង់ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន៕