(ម៉ុមបៃ)៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ បន្ទាប់ពីជម្រកបណ្តោះអាសន្នរបស់កម្មករត្រូវបានជញ្ជាំងការដ្ឋានសំណង់មួយបាក់សង្កត់ពីលើ ស្ថិតនៅទីក្រុងភូណេ (Pune) ភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈតំបន់នេះទើបតែកើតមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយក្រុមគ្រួសាររបស់កម្មករកំពុងតែស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលនៅក្បែរការដ្ឋានសំណង់នៃទីក្រុងខាងលើនេះ ប៉ុន្តែនៅពេលព្រឹកព្រហាមថ្ងៃសៅរ៍នេះ កំឡុងពេលដែលពួកគេកំពុងគេងលង់លក់នៅឡើយ ជញ្ជាំងការដ្ឋានដែលកំពុងស្ថិតក្នុងការសាងសង់ បានរលំសង្កត់ពីលើជម្រកពួកគេតែម្តង ដោយបានបណ្តាលឲ្យមនុស្សស្លាប់ ១៥នាក់ក្នុងនោះ ០៣នាក់ជាកុមារតូចៗ។
គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់អំពីចំនួនមនុស្សប៉ុន្មាននាក់ទៀត ដែលកំពុងជាប់ខ្លួននៅក្រោមគំនរសំណង់នោះឡើយ ខណៈក្រុមសង្គ្រោះទើបទាញបានកម្មករបីនាក់ឲ្យរួចរស់ជីវិត។ បើតាមមន្ត្រីឥណ្ឌា ភ្លៀងធ្លាក់ខ្លាំងគឺជាកត្តាចម្បងនៃគ្រោះថ្នាក់ ហើយដោយឡែករបងខាងលើនេះក៏ទំនងជាត្រូវបានសាងសង់ដោយខុសបច្ចេកទេសដែរ៕