(ប៉េកាំង)៖ មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា សំណើរៀបចំជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ (DMZ) គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែទីក្រុងព្យុងយ៉ាងទំនងជាចង់បានការស្នើសុំជាផ្លូវការ ពីសំណាក់អាមេរិកជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
ជុំវិញការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំឡុងពេលដែលលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំកំពូល G20 នៅជប៉ុននោះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆឺ សុនហ៊ុយ (Choe Son Hui) បានឆ្លើយតបយ៉ាងដូច្នេះថា «យើងសង្កេតឃើញថា នេះគឺជាការស្នើសុំដ៏គួរឲ្យចាប់អារម្មណ៍មួយ ប៉ុន្តែយើងមិនទាន់បានទទួលការសំណើជាផ្លូវការណាមួយ (ពីភាគីអាមេរិក) នោះឡើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំកំពូល G20 នៅជប៉ុននៅក្នុងល្ងាចថ្ងៃសៅរ៍នេះ។ នៅក្នុងសារមួយបង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ជួបលោកប្រធាន គីម នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!... ហើយបើអាចយើងនឹងបាន ឃើញមុខគ្នាទៅវិញទៅមកតែ២នាទីក៏បាន»។ លោក ត្រាំ គ្រោងនឹងចាកចេញពីទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យស្អែកនេះ ហើយត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ៕