(ប៉ារីស)៖ តំបន់ជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតែទទួលរងនូវរលកកម្តៅប្រចាំឆ្នាំ ដែលបាននិងកំពុង បង្កទៅគ្រោះមហន្តរាយផងដែរ ខណៈនៅអេស្ប៉ាញមានសេចក្តីរាយការណ៍ថា មនុស្ស០២នាក់ហើយបានបាត់បង់ជីវិត ហើយនៅទីក្រុងប៉ារីសប្រទេសបារាំងវិញ សីតុណ្ហភាពបានកើនឡើងខ្ពស់ដល់ជាង ៤៥អង្សាសេជាលើកដំបូងបំផុត ជាហេតុធ្វើឲ្យការធ្វើដំណើរក្នុងទីក្រុងមានភាព លំបាក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
រលកកម្តៅបានវាយប្រហារខ្លាំងបំផុតនៅក្នុងតំបន់មួយឈ្មោះ វីលវីយី (Villevieille) នៃសង្កាត់ហ្គាដ (Gard) ទីក្រុងប៉ារីស ដោយកម្តៅនៅទីនោះគឺលោតដល់ ៤៥.១អង្សាសេឯណោះ ខណៈកម្រិតកម្តៅកន្លងមក ដែលតំបន់នេះធ្លាប់កើនឡើងខ្ពស់បំផុតនោះគឺតែ ៤៤.១អង្សាសេប៉ុណ្ណោះ កាលពីកំឡុងខែសីហា ឆ្នាំ២០០៣។ បើតាមការព្យាករណ៍កន្លងមក ប្រទេសបារាំង អេស្ប៉ាញ និងអ៊ីតាលី តែងតែទទួលរងរលកកម្តៅខ្លាំងជាងប្រទេសផ្សេងៗទៀត នៅទ្វីបអឺរ៉ុបជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា បើតាមអង្គការឧតុនិយមពិភពលោក (WMO) ឆ្នាំ២០១៩នេះត្រូវបានចាត់ចូលទៅក្នុង បណ្តាឆ្នាំនៃការវាយលុកដោយរលកកម្តៅខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃភពផែនដី ហើយប្រទេសនៅតំបន់ត្រូពិក អេក្វាទ័រ និងត្រជាក់បង្គួរអាចនឹងទទួលរងគ្រោះធ្ងន់ជាងគេ។ ក្រុមអ្នកគាំពារបរិស្ថានបានអះអាងថា រលកកម្តៅកើនឡើងខ្ពស់មិនធ្លាប់មានបែបនេះ គឺពិតណាស់ថាត្រូវបានបង្កឡើងដោយ កំណើននៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាប់បំផ្លាញព្រៃឈើ៕