(អូសាកា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ខណៈលោកចាប់ផ្ដើមបើកកិច្ចចរចា ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក ត្រាំ ធ្វើឡើងនាឱកាសចាប់ផ្ដើមបើកកិច្ចចរចាជាមួយលោក ស៊ី នៅទីក្រុងអូសាកានៅថ្ងៃសៅរ៍នេះ។ ស្ថិតក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ ធ្ងន់យ៉ាងដូច្នេះថា «វានឹងក្លាយជាប្រវត្តិសាស្ត្រ បើសិនជាយើងអាចសម្រេចចិត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មប្រកបដោយភាពយុត្តិធម៌...»។ ដោយឡែកនៅមុនជំនួបជាមួយ លោក ត្រាំ លោកប្រធានាធិបតីចិនក៏បានអះអាងដែរថា កិច្ចសន្ទនាគឺវាប្រសើរជាងការប្រឈមមុខដាក់គ្នា ហើយផលប្រយោជន៍រវាងប្រទេសទាំងពីរ គឺបានមកដោយសារកិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថា មុនធ្វើដំណើរមកចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកាប្រទេសជប៉ុន លោក ដូណាល់ ត្រាំ បានព្រមានទុកជាមុនថា សហរដ្ឋអាមេរិកអាចនឹងដំឡើងពន្ធបន្ថែមលើចិន នៅក្នុងករណីដែលភាគីទាំងពីរ មិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះ។ ដោយឡែកភាគីចិនវិញក៏ធ្លាប់បង្ហាញគោលការណ៍របស់ខ្លួន ជាច្រើនដងរួចមកហើយដែរថា ការចរចាគ្នាអាចសម្រេចបានលទ្ធផលរួម លុះត្រាណាតែវាជាការចរចា ដែលមានការគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក ហើយចិនក៏បានត្រៀមខ្លួនធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ឲ្យដល់ទីបំផុតផងដែរ៕