(អូសាកា)៖ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានអះអាងជាថ្មីនៅថ្ងៃសៅរ៍នេះថា នីតិវិធីប្រគល់ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ឱ្យទីក្រុងអង់ការ៉ាកំពុងដំណើរការណ៍ទៅមុខ ដោយមិនមានការពន្យារពេលអ្វីឡើយ បើទោះជាសហរដ្ឋអាមេរិកព្រមាន ដាក់ទណ្ឌកម្មតួកគីយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ លោក អឺដូហ្គាន់ បានលើកឡើងយ៉ាងដូច្នេះថា « ខ្ញុំចង់បញ្ជាក់ជាថ្មីថា នីតិវិធីប្រគល់ប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ឱ្យទីក្រុងអង់ការ៉ា កំពុងដំណើរការទៅមុខជានិច្ច ដោយមិនមានការពន្យារពេលអ្វីឡើយ... ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ប្រាប់ដែរថា ការចូលរួមក្នុងការផលិត និងការផ្ទេរបច្ចេកវិទ្យានៃប្រព័ន្ធមីស៊ីលនេះគឺជារឿង ដ៏សំខាន់បំផុតសម្រាប់តួកគី»។
គួរជម្រាបថា តួកគីបានចុះហត្ថលេខាទិញ S-400 ពីរុស្ស៊ីកាលពីឆ្នាំ២០១៧។ ប៉ុន្តែសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្ម និងទទូចជាច្រើនលើកឱ្យទីក្រុងអង់ការ៉ាលុបចោលកិច្ចព្រមព្រៀងនេះវិញ ដោយសំអាងថាប្រព័ន្ធមីស៊ីលរុស្ស៊ី អាចនឹងបំផ្លាញដល់យុទ្ធសាស្ត្រយោធារបស់អង្គការណាតូ។ យ៉ាងណាក៏ដោយ ប្រទេសតួកគីហាក់ដូចជាគ្មានសញ្ញាថា នឹងបោះបង់ចោល S-400 តាមការទទូចរបស់អាមេរិកនោះដែរ ខណៈអាមេរិកក៏បានបង្ហាញសញ្ញាច្បាស់លាស់តបវិញដែរថា តួកគីនឹងត្រូវដកចេញពីកម្មវិធីអភិវឌ្ឍន៍ យន្តហោះចម្បាំង-បំបាំងកាយ F-35 បើសិនជាប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី ត្រូវដឹកមកដល់ទឹកដីតួកគីពេលណានោះ៕