(ញូយ៉ក)៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោកស្រី ម៉ារៀ ហ្វ៊ែរណាន់ដែស ហ្គ្រេស (Maria Fernanda Espinosa Garces) បានព្រមានក៏ដូចជាអំពាវនាវផងដែរ ឱ្យសហគមន៍អន្តរជាតិទំាងមូល ចូលរួមប្រយុទ្ធប្រឆាំងនឹងសកម្មភាពរើងអើសពូជសាសន៍ ឬញុះញង់ឱ្យមានការស្អប់ខ្ពើមគ្នា ទៅវិញទៅមកនៅលើបណ្ដាទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) នៅឯទីស្នាក់ការ UN ក្នុងទីក្រុងញូយ៉ក លោកស្រី Garces បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមគ្នាទៅវិញទៅមក គឺជារឿងមួយដ៏គ្រោះថ្នាក់... ដូច្នេះយើងទាំងអស់គ្នា ក្នុងនាមជាសហគមន៍អន្តរជាតិទាំងមូល ត្រូវតែចូលរួមប្រយុទ្ធប្រឆាំង»។
គួរបញ្ជាក់ថា បើតាមលោកស្រី Garces អំពើហិង្សាគ្រប់ទម្រង់ ការរើសអើងពូជសាសន៍ សាសនាជាដើម គឺជាទង្វើដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត និងចាំបាច់ត្រូវតែចាត់ វិធានការទប់ស្កាត់។ ជុំវិញបញ្ហានេះដែរ កាលពីពេលថ្មីៗនេះបណ្តាញសង្គម Facebook ក៏បានធ្វើការរឹតត្បិត និងដាក់ប្រទេសចំនួនពីរទៅក្នុងបញ្ជីនៃការតាមដានផងដែរ នោះគឺបង់ក្លាដែស និងមីយ៉ាន់ម៉ា ដោយសារតែនៅក្នុងប្រទេសទាំងពីរនេះមានការចែកចាយ ព័ត៌មាន សារជាអក្សរ រូបភាព និងវីដេអូផ្សេងៗដែលបាននិងកំពុងញុះញង់ឲ្យមានការរើសអើងសាសនា និងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ៕