(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូនប្រុសរបស់ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចោទថាបានចូលរួមក្នុងសកម្មភាពបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
កូនប្រុសរបស់លោក ម៉ាឌូរ៉ូ គឺលោក Nicolás Ernesto Maduro Guerra មានអាយុ២៩ឆ្នាំ និងឈ្មោះហៅក្រៅថា Nicolasito ក៏ជាសមាជិកសភាធម្មនុញ្ញរបស់រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ផងដែរ។ លោក Nicolasito ត្រូវបានក្រសួងរតនាគារជាតិអាមេរិក ប្រកាសដាក់ទណ្ឌកម្មនៅថ្ងៃសុក្រ សប្ដាហ៍នេះ ដោយចោទថាលោកបានចូលរួមក្នុងសកម្មភាពបំផ្លាញប្រជាធិបតេយ្យ ព្រមទាំងបម្រើ ការងារឱ្យរដ្ឋាភិបាលឪពុករបស់លោក ដែលអាមេរិកចាត់ទុកថាជារដ្ឋាភិបាលខុសច្បាប់។
គួរបញ្ជាក់ថា បើតាមទណ្ឌកម្មខាងលើ ទ្រព្យសម្បត្តិទាំងអស់របស់លោក Nicolasito មាននៅ សហរដ្ឋអាមេរិក នឹងត្រូវបានបង្កក ហើយក្រុមហ៊ុន និងពលរដ្ឋអាមេរិកក៏មិនត្រូវបានអនុញ្ញាតឱ្យមាន ទំនាក់ទំនង ឬចុះកិច្ចព្រមព្រៀងជាមួយលោក នោះដែរ៕