(អូសាកា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បាននិយាយថាលោកពិតជា ចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងសប្ដាហ៍នេះ នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងនៅចំពេលមានការសន្និដ្ឋាន ជាបន្តបន្ទាប់ថាកាលបរិចេ្ឆទនៃជំនួបលើកទី៣រវាងលោក និងលោក គីម ជុងអ៊ុន អាចនឹងត្រូវប្រកាស ឱ្យដឹងក្រោយប្រធានាធិបតីអាមេរិករូបនេះ បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង។ នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់ជួបលោកប្រធានគីម នៅឯតំបន់ ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!...ហើយបើអាចយើងនឹងបាន ឃើញមុខគ្នាទៅវិញទៅមកតែ២នាទីក៏បាន»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ ដែលកំពុងស្ថិតនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ដើម្បី ចូលរួមកិច្ចប្រជុំ កំពូល G20 នឹងត្រូវបំពេញទស្សនិច្ចបន្តទៅកាន់កូរ៉េខាងត្បូង នៅល្ងាចថ្ងៃសៅរ៍នេះ ហើយគ្រោង នឹងចាកចេញពីទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ៕