Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ចង់សាកថ្វីដៃជាមួយកីឡាករស៊ូម៉ូ ដែលលោកប្រគល់ពានរង្វាន់ឲ្យ កំឡុងទស្សនកិច្ចនៅជប៉ុនកាលពីខែមុន (Video inside)

28-06-2019 21:41

(អូសាកា)៖ មុនជំនួបកាលពីព្រឹកថ្ងៃសុក្រនេះ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅកិច្ចប្រជុំ G20 ប្រទេសជប៉ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់សាកល្បងសមត្ថភាព ជាមួយកីឡាករស៊ូម៉ូជប៉ុនឈ្មោះ Hideki Asanoyama ដែលត្រូវបានរូបលោកប្រគល់ពានរង្វាន់ដ៏ធំមួយឲ្យ កាលពីខែឧសភាកន្លងទៅ នៅពេលលោកទៅទស្សនកិច្ច នៅជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។

កំឡុងការបំពេញទស្សនកិច្ចកាលពីខែមុន នៅប្រទេសជប៉ុន លោក ដូណាល់ ត្រាំ ត្រូវបានលោក អាបេ អញ្ជើញឲ្យចូលរួមទស្សនា វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ូម៉ូជប៉ុន (Sumo) ហើយលោក ត្រាំ ក៏ត្រូវបានផ្តល់កិត្តិយសឲ្យប្រគល់ពានរង្វាន់ដ៏ធំមួយ មានកម្ពស់១៣៧សង់ទីម៉ែត្រ និងទម្ងន់ ប្រហែលជា៣២គីឡូក្រាមដល់កីឡាករ Asanoyama ដែលបានទទួលជ័យជម្នះជាជើងឯក ថែមទៀតផង។

គួរជម្រាបថា មុនត្រូវជួបពិភាក្សាជាមួយ លោក អាបេ ជាថ្មីម្តងទៀត នៅលើទឹកដីជប៉ុនដដែល ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូល G20 នាថ្ងៃសុក្រនេះ លោក ដូណាល់ ត្រាំ ក៏បានរំលឹកឡើងវិញនូវទស្សនកិច្ចកាលខាងលើ ដោយលោកបាននិយាយដូច្នេះថា «ខ្ញុំពិតជារីករាយណាស់ ដែលបានប្រគល់ពានរង្វាន់ដល់ជើងឯកនៃការប្រកួតស៊ូម៉ូនោះ ហើយខ្ញុំចង់សាកល្បងសមត្ថភាពជាមួយ ជើងឯកម្នាក់នោះ នៅពេលដែលគាត់ត្រៀមលក្ខណៈរួចរាល់»