(អូសាកា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាបានបង្ហាញពីការលូកដៃរបស់ រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ តាមរយៈការអំពាវនាវឱ្យ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឈប់ធ្វើបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបជាមួយ លោក ពូទីន នាឱកាសដែល មេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ ថ្លែងដោយចង្អុលទៅកាន់ លោក ពូទីន លោក ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «សូមមេត្តា! កុំលូកដៃចូលក្នុងកិច្ចការ បោះឆ្នោតអាមេរិក»។ ប៉ុន្តែទន្ទឹមគ្នា ការលើកឡើងបែបនេះក៏ត្រូវបានគេមើលឃើញផងដែរថា គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ខណៈលោកផ្ទាល់ធ្លាប់បដិសេធជាច្រើនដង ចំពោះការចោទ ប្រកាន់ថាទីក្រុងម៉ូស្គូបានជួយឱ្យលោកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកជាច្រើន បានសន្និដ្ឋានដូចគ្នាៗថារុស្ស៊ីពិតជា បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦។ ប៉ុន្តែ របាយការណ៍របស់ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller មិនបានរកឃើញដូចការអះអាងនេះទេ៕