(ស៊ីដនី)៖ រំលងគ្នាបានត្រឹម០២ថ្ងៃប៉ុណ្ណោះ ក្រោយការផ្ទុះភ្នំភ្លើងមួយមានឈ្មោះថា អ៊ូឡាវុន (Ulawun) នៃប្រទេសប៉ាពួញូហ្គីណេ ភ្នំភ្លើងថ្មីមួយទៀតនៅលើកោះម៉ាណាម (Manam) ក៏បានផ្ទុះឡើងថែមទៀតនាថ្ងៃសុក្រនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
បើតាមទីភ្នាក់ងារឃ្លាំមើលបន្ទុះភ្នំភ្លើងរបស់ប្រទេសអូស្រ្តាលី ហៅកាត់ថា VAAC ភ្នំឡើងនៃកោះ Manam ដែលស្ថិតនៅក្នុងខេត្ត ម៉ាដាង (Madang) ភាគខាងជើងប្រទេសប៉ាពួញូហ្គីណេ បានចាប់ផ្តើមបញ្ចេញសកម្មភាពផ្ទុះហុយផ្សែង និងជះកម្អែរផេះនៅព្រឹកថ្ងៃសុក្រនេះ ខណៈមនុស្សប្រហែលជាង ៩,០០០នាក់ កំពុងរស់នៅលើកោះដែលមានទំហំប្រមាណ ១០គីឡូម៉ែត្រប្រឡានេះ។
ភ្លាមៗក្រោយហេតុការណ៍បន្ទុះភ្នំភ្លើងខាងលើ បានបង្កើតជាបណ្តុំផេះ និងផ្សែងដ៏ធំមួយហុយដល់កម្ពស់ជាង ១៥គីឡូម៉ែត្រ ប៉ុន្តែក្រោយមកវាបានថយមក នៅត្រឹមកម្ពស់ខ្ទង់ ៤,៥០០ម៉ែត្រ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ភ្នំភ្លើង Ulawun ក៏បានផ្ទុះម្តងរួចមកហើយ ដោយបានបង្ខំឲ្យមនុស្ស ៥,០០០នាក់ត្រូវអាជ្ញាធរជម្លៀស ប៉ុន្តែឥឡូវនេះគឺវាលែងឃើញបញ្ចេញសកម្មភាពហើយ។ ភ្នំភ្លើងទាំងពីរស្ថិតនៅត្រើយម្ខាងម្នាក់នៃសមុទ្រប៊ីសម៉ាក (Bismarck) ស្ថិតនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង៕