(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានចាប់អ្នកនយោបាយប្រឆាំង ទាំងឡាយណា ដែលចង់ទម្លាក់រូបលោកចេញពីតំណែង យកទៅដាក់ពន្ធនាគារ ជាមួយការញ្ជាក់ផងដែរថា ការអត់ធ្មត់របស់លោកមានព្រំដែនកំណត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
ប្រតិកម្មធ្ងន់ៗខាងលើរបស់លោក ឌូតឺតេ ត្រូវបានធ្វើឡើង នៅចំពេលដែលលោកផ្ទាល់កំពុងរងការចោទប្រកាន់ថា បានលំអៀងទៅរកទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការពន្លិចទូកនេសាទហ្វីលីពីនមួយគ្រឿង ដោយនាវាចិននៅក្នុងដែនសេដ្ឋកិច្ចផ្ដាច់មុខ (EEZ) នៃតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ។
យ៉ាងណាក៏ដោយ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីហ្វីលីពីនរូបនេះបានព្រមាន ទៅកាន់ក្រុមអ្នកនយោបាយប្រឆាំង ដើម្បីកុំឲ្យពួកគេសាកល្បងការអត់ធ្មត់របស់លោកឱ្យសោះ។ លោក ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះថា «តើខ្ញុំនឹងត្រូវបានទម្លាក់ពីអំណាចមែនទេ? អូខេ! ខ្ញុំនឹងចាប់ពួកគេទាំងអស់ដាក់ពន្ធនាគារ...! សូមព្យាយាមធ្វើវាចុះ! ហើយខ្ញុំក៏នឹងធ្វើរឿង ដែលខ្ញុំត្រូវធ្វើដែរ»។ ជាទម្លាប់លោក ឌូតឺតេ ក៏បានប្រើពាក្យជេរបញ្ចោរយ៉ាងអសុរស ទៅកាន់ក្រុមប្រឆាំងលោកផងដែរ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកនេសាទហ្វីលីពីនមួយគ្រឿង ដែលត្រូវបានគេរាយការណ៍ថាជាស្នា ដៃរបស់នាវាចិនមួយគ្រឿងក្នុងតំបន់ EEZ នៃតំបន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ បានបង្កឱ្យប្រជាជន និងអ្នកនយោបាយហ្វីលីពីនខឹងសម្បារយ៉ាងខ្លាំង។ ប៉ុន្តែនៅពេលត្រូវ បានអ្នកសារព័ត៌មានសួរតើរដ្ឋាភិបាលហ្វីលីពីននឹងមានចំណាត់ការយ៉ាងណា ឬក៏អាចនឹងហាមឃាត់ ចិនធ្វើការនេសាទនៅក្នុងតំបន់ EEZ ដែរឬទេ លោក ឌូតឺតេ បែរជានិយាយថា ហ្វីលីពីន និងចិន គឺជាមិត្តទៅវិញ។ យ៉ាងណាក៏ដោយភាគីចិន បានទាក់ទងមកកាន់ហ្វីលីពីនដោយផ្ទាល់ និងស្នើឲ្យមានការស៊ើបអង្កេតរួមលើបញ្ហានេះ៕