(អូសាកា)៖ នាថ្ងៃសុក្រនេះកិច្ចប្រជុំកំពូលអន្តរជាតិ G20 បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅទីក្រុងអូសាកាប្រទេសជប៉ុន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តោតសំខាន់ពីការធ្វើពាណិជ្ជកម្ម ខណៈប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមានប្រឆាំងនឹងពាណិជ្ជកម្មគាំពារនិយម ហើយមេដឹកនាំឥណ្ឌា ជប៉ុន និងរុស្ស៊ី បានការពារក្បួនច្បាប់នៃប្រព័ន្ធធ្វើពាណិជ្ជកម្មបែបពហុភាគី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
នាព្រឹកថ្ងៃសុក្រនេះលោក ដូណាល់ ត្រាំ បានបង្ហើបថា សហរដ្ឋអាមេរិកអាចនឹងប្រកាសពីកិច្ចព្រមព្រៀង ដ៏ធំមួយជាមួយឥណ្ឌា ខណៈកាលពីមុនពេលចេញដំណើរឆ្ពោះមកជប៉ុន លោកក៏បានសង្កត់ធ្ងន់ពីជំនួបរបស់លោក ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃស្អែក ដែលនឹងផ្តោតលើបញ្ហាទំនាស់ពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរផងដែរ។
រីឯក្នុងជំនួបក្រៅផ្លូវការមួយរវាងមេដឹកនាំ នៃបណ្តាប្រទេសជាសមាជិក BRICS មុនការបើកកិច្ចប្រជុំកំពូល G20 លោក ស៊ី បានព្រមានអំពីចំណាត់ការវិស័យពាណិជ្ជកម្មបែបគាំពារនិយម ដែលប្រទេសអភិវឌ្ឍន៍ខ្លះកំពុងតែប្រកាន់យក។ នាឱកាសនោះលោក ស៊ី ជិនពីង បាននិយាយថា ទង្វើបែបនេះកំពុងបំផ្លាញសណ្តាប់ធ្នាប់ នៃប្រព័ន្ធធ្វើពាណិជ្ជកម្មសកល។ ដោយឡែកកំឡុងការបើកកិច្ចប្រជុំ G20 វិញ លោក ស៊ី បានសន្យាថាលោកនឹងបើកចំហទីផ្សារ ហើយទទួលការនាំចូលឲ្យកាន់តែច្រើន និងលើកកម្ពស់បរិយាកាសអាជីវកម្មឲ្យកាន់តែប្រសើរ។
ក្នុងជំនួប BRICS នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអំពាវនាវឲ្យមានការផ្តោតជាសំខាន់ លើការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្កោលទោសលើសកម្មភាពទាំងឡាយ ដែលលោកចាត់ទុកថា ជាការប្រឹងប្រែងបំផ្លិចបំផ្លាញស្ថាប័នអន្តរជាតិនេះ ចំពោះមុខឥទ្ធិពលនៃនយោបាយពាណិជ្ជកម្មគាំពារនិយម។
សម្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិ G20 បានទទូចឲ្យមេដឹកនាំ G20 រួមគ្នាផ្តល់សំឡេងគាំទ្រចំពោះការធ្វើពាណិជ្ជកម្មដោយសេរី និងស្មើភាព និងព្រមានពីបញ្ហាវិវាទភូមិសាស្រ្ត ក៏ដូចជាបញ្ហាពាណិជ្ជកម្មដែលកំពុងតែកើនឡើង ព្រោះពួកវាគឺជាហានិភ័យចំពោះភាពរីកចម្រើន នៃសេដ្ឋកិច្ចសកល៕