(បាកដាដ)៖ ក្រុមមន្រ្តីអ៊ីរ៉ាក់ជាច្រើននាក់បានឱ្យដឹងថា ស្ថានទូតបារ៉ែនប្រចាំទីក្រុងបាកដាដ ត្រូវបានលុកលុយដោយក្រុមបាតុករ ដែលប្រឆាំងជំទាស់នឹងរដ្ឋាភិបាលបារ៉ែន ចំពោះការទទួលរៀបចំសន្និសីទសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលដៅស្វែងរកសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមរូបថតជាច្រើនសន្លឹកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្រុមបាតុករជាច្រើននាក់នៅក្នុង និងនៅបរិវេណស្ថានទូតបារ៉ែនប្រចាំទីក្រុងបាកដាដ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បាននាំគ្នាគ្រវីទង់ជាតិប៉ាឡេស្ទីន ព្រមទាំងដុតបំផ្លាញទង់ជាតិអាមេរិក និងអ៊ីស្រាអែល។ ក្រុមបាតុករទាំងនេះនាំគ្នាធ្វើបាតុកម្មតវ៉ា ដោយសារតែខឹងសម្បារចំពោះរដ្ឋាភិបាលបារ៉ែន សម្រាប់ការទទួលរៀបចំសន្និសីទសន្តិភាព ដើម្បីបញ្ចប់ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដឹកនាំដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ មន្ត្រីសន្តិសុខអ៊ីរ៉ាក់ បានចាប់ និងឃុំខ្លួនបាតុករ ៤៥នាក់ ខណៈក្រុមមន្ត្រីសន្តិសុខរបស់ខ្លួន ០៥នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករ។ ដោយឡែកបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលបារ៉ែន ក៏បានកោះហៅអគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងបាកដាដ មកស្រុកវិញផងដែរ ដើម្បីពិគ្រោះយោបល់៕