(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ប្រធានផ្នែករចនាម៉ូដជើងចាស់របស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ iPhone ព្រមទាំងផលិតផលល្បីៗដទៃទៀតរបស់ Apple បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុនេះហើយ ដើម្បីទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple អ្នករចនាម៉ូដខាងលើគឺលោក ចននី អ៊ីវ (Jony Ive) នឹងចាកចេញពី Apple ក្នុងពេលប៉ុន្មានខែខាងមុខ ដើម្បីទៅបង្កើតក្រុមហ៊ុនរចនាម៉ូដផ្ទាល់ខ្លួនមួយ ដែលនឹងអាចមាន Apple ជាអតិថិជនចម្បង។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ស្របពេលដែលលោក Ive នឹងបំពេញការងារដោយឯករាជ្យ លោកក៏នឹងនៅតែបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយគម្រោងជាច្រើនរបស់ Apple ដដែល។
គួរជម្រាបថា លោក Ive បានចូលបម្រើការក្នុងក្រុមហ៊ុន Apple កាលពីឆ្នាំ១៩៩២ ហើយស្នាដៃរចនារបស់លោករួមមាន iMac, iPod, iPhone, iPad, MacBook, និងកម្មវិធីប្រព្រ័ន្ធប្រតិបត្តិការ iOS ជាដើម៕