(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនដែលទើបឡើងកាន់អំណាច លោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានស្នើ ឲ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ពិចារណាដោះលែងក្រុមនាវិកអ៊ុយក្រែនវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
ជាការទទូចឲ្យមានការដោះលែងក្រុមនាវាអ៊ុយក្រែន ដែលត្រូវបានទីក្រុងម៉ូស្គូចាប់ឃាត់ខ្លួន កាលពីឆ្នាំ២០១៨ លោក Zelensky បានថ្លែងទៅកាន់លោក ពូទីន យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាសុទ្ធតែមានកូនៗ។ សូមប្រគល់ឪពុក-ម្តាយទាំងនោះ ទៅឲ្យកូនៗរបស់ពួកគេវិញ»។ លោកប្រធានាធិបតីអ៊ុយក្រែនថែមទាំងបានបញ្ជាក់ថា រូបលោកត្រៀមខ្លួនរួចស្រេចដើម្បីធ្វើគ្រប់យ៉ាង ឲ្យតែអាចនាំយកក្រុមនាវិកទាំងនោះមកវិញ។
គួរជម្រាបថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធររុស្ស៊ីបានឃាត់នាវាចម្បាំងអ៊ុយក្រែនចំនួន ០៣គ្រឿងរួមជាមួយក្រុមនាវិក ២៤នាក់ នៅក្បែរច្រកសមុទ្រ ឃើច (Kerch) ដែលនៅចន្លោះសមុទ្រខ្មៅនិងសមុទ្រអាហ្ស៊ូវ (Azov) ដោយចោទថា នាវាទាំងនោះបានរំលោភចូលបន្ទាត់ព្រំដែនរបស់រុស្ស៊ី។ ទីក្រុងម៉ូស្គូបានហៅហេតុការណ៍នេះថា ជាសកម្មភាពបង្ករឿង ខណៈទីក្រុងកៀវបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តអ្វីខុសឡើយ៕