(អូសាកា)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះ បានលើកឡើងថា តំបន់ឈូងសមុទ្រពែកបានធ្លាក់ក្រោមស្ថាន ភាពដ៏រសើបមួយ និងកំពុងឈរនៅលើផ្លូវបំបែករវាងសង្រ្គាមនិងសន្តិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
លោកប្រធានាធិបតីចិន បាននិយាយបែបនេះ ក្នុងឱកាសជួបពិភាក្សាជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉ែស (Antonio Guterres) នៅមុនការបើកកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចកំពូលៗទាំង២០ ហៅថា G20 ឬ Group of 20 ដែលត្រូវរៀបចំឡើងនៅក្នុងទីក្រុងអូសាកា (Osaka) របស់ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃសៅរ៍ ស្អែក។ ទាក់ទងនឹងស្ថានភាពនៅតំបន់ឈូងសមុទ្រពែក លោក ស៊ី បានអះអាងថា ប្រទេសលោកឈរនៅខាងសន្តិភាពជានិច្ច ហើយប្រឆាំងដាច់ខាតចំពោះសង្រ្គាម។
គួរជម្រាបថា ក្តីព្រួយបារម្ភកាន់តែខ្លាំងថា ជម្លោះនឹងផ្ទុះឡើងនៅតំបន់ឈូងសមុទ្រពែក បានកើតឡើង ចាប់តាំងពី មានករណី វាយ ប្រហារលើនាវាដឹកប្រេងនៅក្បែរច្រកសមុទ្រហកមូស (Hormuz) កាលពីខែឧសភា និងខែមិថុនានេះ ខណៈអ៊ីរ៉ង់គឺជាអ្នក ទទួល រងការទម្លាក់កំហុស បូករួមជាមួយការដែលយោធាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍អាមេរិក ដែលអ៊ីរ៉ង់ អះអាងបានរំលោភចូលដែនអាកាសរបស់ខ្លួន នាពេលថ្មីៗនេះថែមទៀត៕