(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានឯកភាពគ្នាបង្កើន និងពង្រឹងទំនាក់ទំនងរវាងប្រទេសទំាងពីរ ខណៈកំពុងព្រួយបារម្ភ ដូចគ្នា ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមក្រុមមន្ត្រីជប៉ុន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមមន្ត្រីជប៉ុន បានឱ្យដឹងទៀតថា លោក ស៊ី និងលោក អាបេ បានជួបពិភាក្សាគ្នានាឱកាសដែល មេដឹកនាំទាំងពីរ ត្រូវចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុនពីថ្ងៃទី២៨ ដល់ថ្ងៃទី ២៩ ខែមិថុនា។ លើសពីនេះទៅទៀត នៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីចិន និងលោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានឯកភាពគ្នាផងដែរក្នុងការធ្វើការងារជាមួយគ្នា ដើម្បីលើក កម្ពស់ពាណិជ្ជក ម្មសេរី និងដោយស្មើភាព។
គួរជម្រាបថា ចិន និងជប៉ុន មានបញ្ហានឹងគ្នាជាច្រើន រាប់ចាប់តាំងពីជម្លោះប្រវត្តិសាស្ត្រ និងទឹកដី ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អក់កករ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ហាក់ដូចជាមានទំនាក់ទំនងនឹងគ្នាល្អគ្រាន់បើ ដោយសារតែសង្រ្គាម ពាណិជ្ជកម្មបង្កឡើងដោយលោក ដូណាល់ ត្រាំ និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង៕