(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញរូបភាពថ្មីៗ ដែលថតបានពីស្ថានីយអវកាសអន្តរជាតិ ISS និង ផ្កាយរណបមួយចំនួនទៀត បង្ហាញឲ្យឃើញនូវទិដ្ឋភាពក្រោយបន្ទុះភ្នំភ្លើងឈ្មោះថា Raikoke ដែលនៅភាគពាយ័ព្យមហាសមុទ្រ ប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
បើនិយាយឲ្យចំទៅភ្នំភ្លើងខាងលើមានទីតាំងស្ថិតនៅកណ្តាលទីប្រជុំកោះ Kuril ដែលនៅចន្លោះប្រទេសរុស្ស៊ីនិងជប៉ុន ក្នុងសមុទ្រ Okhotsk ខណៈឈ្មោះរបស់វា គឺបានមកពីក្រុមភាសាហៅថា Ainu ដែលដំបូងឡើយត្រូវបានប្រើប្រាស់នៅកោះហុកកៃដូ ប្រទេស ជប៉ុន និងមាន ន័យថា «មាត់នរក ឬក៏ច្រកទ្វារឋាននរក»។
គួរជម្រាបថា កាលពីសប្តាហ៍មុន ភ្នំភ្លើង Raikoke បានផ្ទុះឡើងជាលើកដំបូង ដោយបញ្ចេញផ្សែងយ៉ាងធំសម្បើមចេញពីមាត់វា ខណៈពុំមានមនុស្សរស់នៅតំបន់នោះឡើយ។ នេះគឺជាការបញ្ចេញសកម្មភាពលើកដំបូងរបស់ភ្នំភ្លើង Raikoke ដោយគិតចាប់តាំងពីឆ្នាំ១៩២៤មក។ មុនឆ្នាំ១៩២៤ ភ្នំភ្លើងចំណាស់ នេះក៏ធ្លាប់បានផ្ទុះម្តងដែរ គឺនៅឆ្នាំ១៧៧៨។