(សេអ៊ូល)៖ ក្នុងឱកាសជួបមុខគ្នា មុនការបើកកិច្ចប្រជុំកំពូល G20 នៅឯទីក្រុងអូសាកាប្រទេសជប៉ុន ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ថា ឆន្ទៈរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការសំដៅឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងការផ្សះផ្សាគ្នាជាមួយកូរ៉េខាងត្បូង គឺឥតមានការផ្លាស់ប្តូរឡើយ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
ការបញ្ជាក់បែបនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីចិន ទើបតែបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅឯទីក្រុង ព្យុងយ៉ាង កាលពីសប្តាហ៍មុន។ បើតាមលោក ស៊ី លោក គីម មានក្តីសង្ឃឹមថា កូរ៉េខាងជើងនឹងទទួលបានការបន្ធូរបន្ថយខ្លះៗ នូវ ទណ្ឌកម្មអន្តរជាតិ ដែលត្រូវបានដាក់មកលើប្រទេសលោក ហើយលោក គីម ចង់ដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចា។
ក្រៅពីនោះ លោក ស៊ី និង លោក មូន បានបង្ហាញពីក្តីរំពឹងក្នុងការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងចិននិងកូរ៉េខាងត្បូងផង ដែរ។ កំឡុងជំនួបដែលមានរយៈពេលប្រមាណជា៤០នាទីនេះ ប្រធានបទសំខាន់ៗជាច្រើនទៀត រួមមានបញ្ហាដាក់ពង្រាយប្រព័ន្ធ ខែលការពារមីស៊ីលដ៏ទំនើបរបស់អាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង ត្រូវបានលើកឡើង។ លោក ស៊ី បានស្នើឲ្យលោក មូន ដោះស្រាយ បញ្ហានេះ ខណៈលោក មូន បានឆ្លើយតបថា វាមានជាប់ពាក់ព័ន្ធគ្នាទៅនឹងការរំសាយ អាវុធនុយក្លេអ៊ែរ របស់ កូរ៉េខាងជើង ពោលគឺ ប្រព័ន្ធនេះមានតួនាទីការពារកូរ៉េខាងត្បូងពីមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរជម្រាបថា ការជួបមុខគ្នាខាងលើគឺជាជំនួបលើកទី០៥ហើយរវាងមេដឹកនាំទាំងពីរ និងជាលើកដំបូង ក្នុងអំឡុង០៧ខែកន្លង មក នេះ ដោយលើកចុងក្រោយ ដែល លោក ស៊ី ជិនពីង និង លោក មូន ចេអ៊ីន បានជួបជជែកគ្នានាពេលកន្លងទៅ គឺនាឱកាស ចូលរួម វេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅប្រទេសប៉ាពួញូហ្គីណេ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕