(ម៉ូស្គូ)៖ នៅទីបំផុតរដ្ឋាភិបាលរុស្ស៊ីបានយល់ព្រមអនុញ្ញាត ឱ្យកប៉ាល់រោងចក្រថាមពលនុយក្លេអ៊ែរ ដំបូងគេបំផុតមួយនៅលើពិភពលោកឈ្មោះ អាកាដេមីក ឡូម៉ូណូសូវ (Akademik Lomonosov) ចាប់ផ្ដើមបំពេញតួនាទីផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ខ្លួនហើយ។ នេះបើតាមក្រុមហ៊ុន រ៉ូសាថុម (Rosatom) ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះដូច្នេះថា «ក្រុមហ៊ុន រ៉ូសេនឺហ្គោអាថុម (Rosenergoatom) ដែលបុត្រសម្ព័ន្ធរបស់ Rosatom ត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ អនុញ្ញាតឱ្យប្រើប្រាស់កប៉ាល់-រោងចក្រថាមពលនុយក្លេអ៊ែរ Akademik Lomonosov ក្នុងរយៈពេល ១០ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៩»។
គួរបញ្ជាក់ថា Akademik Lomonosov ត្រូវបានផលិតឡើងក្នុងការគោលបំណងផ្គត់ផ្គង់ថាមពល អគ្គិសនីដល់តំបន់សំខាន់មួយចំនួន ស្ថិតនៅភាគខាងជើងបំផុត និងខាងកើតបំផុតរបស់រុស្ស៊ី។ កប៉ាល់រោងចក្រថាមពលនុយក្លេអ៊ែរ មានបំពាក់ដោយរ៉េអាក់ទ័រ KLT-40S ចំនួន ០២ មានសមត្ថភាពផលិតថាមពលអគ្គិសនី ៣៥ម៉េហ្គាវ៉ាត់ ដែលផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដល់ទីក្រុងមួយ ដែលមានប្រជាជនរស់នៅប្រមាណ ១០០,០០០នាក់៕