(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានរកឃើញហានិភ័យថ្មីមួយ ពាក់ព័ន្ធនឹងត្រកូលយន្តហោះ Boeing 737 MAX។ ប្រការនេះអាចនឹងពន្យារការបញ្ឈរជើងពួកវា កាន់តែយូរថែមទៀត ខណៈក្រុមហ៊ុន Boeing កំពុងខំប្រឹងប្រែងឲ្យយន្តហោះស៊េរីថ្មីរបស់ខ្លួននេះ ឲ្យបន្តប្រតិបត្តិការជាធម្មតាឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃពុធសប្តាហ៍នេះរបស់អាជ្ញាធរ FAA ក្រុមហ៊ុន Boeing ត្រូវតែតម្រូវបញ្ហាថ្មីនេះជាបន្ទាន់ ប៉ុន្តែពុំបានបញ្ជាក់ថា វាមានពាក់ព័ន្ធបញ្ហាអ្វីឲ្យប្រាកដឡើយ។ ជាមួយគ្នាផងដែរ FAA បានបន្ថែមថា ខ្លួនកំពុងធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ជាទីបំផុត ទាក់ទិនការសម្រេចថា តើគួរឲ្យយន្តហោះ Boeing 737 MAX ត្រឡប់ឡើងផ្ទៃអាកាសវិញនាពេលណា។
គួរជម្រាបថា ត្រកូលយន្តហោះ Boeing 737 MAX ត្រូវបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន នៅទូទាំងពិភពលោក ចាប់តាំងពីខែមីនា ឆ្នាំ២០១៩នេះ ក្រោយពួកវាពីរគ្រឿងបានធ្លាក់ក្នុងករណីពីរផ្សេង គឺនៅឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ និង នៅអេត្យូពីកាលពីខែមីនាតែម្តងហើយសរុបមកមនុស្ស ៣៤៦នាក់បានបាត់បង់ជីវិត។
រីឯលទ្ធផលស៊ើបអង្កេតបានបង្ហាញថា ប្រព័ន្ធគ្រប់គ្រងការហោះហើរដែលគេហៅថា MCAS ឬ Anti-stall System គឺជាមូលហេតុចម្បង នៅពីក្រោយសោកនាដកម្មធ្លាក់យន្តហោះទាំងពីរលើក ពោលគឺប្រព័ន្ធទំនងជាត្រូវបានដំណើរការ ដែលធ្វើឲ្យយន្តហោះដាំក្បាលចុះក្រោម ដោយមិនអាចគ្រប់គ្រងបានបន្ទាប់ពីវាទទួលសញ្ញាពីឧបករណ៍ស្ទាបស្ទង់ (Sensor) ដែលមានបញ្ហា។ ប៉ុន្មានខែកន្លងមកនេះ ក្រុមហ៊ុនផលិតយន្តហោះអាមេរិកបានប្រឹងប្រែងជាខ្លាំង ក្នុងការអាប់ដេតប្រព័ន្ធ MCAS ជាមួយក្តីសង្ឃឹមថា នឹងអាចស្តាទំនុកចិត្តឡើងវិញបាន ពីសំណាក់អាជ្ញាធរអាកាសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាអតិថិជនទាំងឡាយ នៅជុំវិញពិភពលោក៕