Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមនឹងដកហូតសិទ្ធិបើកបរ៥ឆ្នាំ សម្រាប់ជនទាំងឡាយណាដែលក្លែងបន្លំ ឬទិញប័ណ្ណបើកបរដោយខុសច្បាប់ (Video inside)

27-06-2019 15:20

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា អាជ្ញាធរវៀតណាមនឹងដាក់ពិន័យ ដោយដកហូតសិទ្ធិបើកបររយៈពេល ០៥ឆ្នាំ លើអ្នកបញ្ជាយានយន្ដទាំងឡាយណា ដែលក្លែងបន្លំការប្រឡង ឬក៏ទិញប័ណ្ណបើកបរ ហើយការអនុវត្តច្បាប់នេះនឹងត្រូវចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានវៀតណាម VN Express នាយកដ្ឋានផ្លូវថ្នល់ និងក្រសួងសន្តិសុខ សាធារណៈវៀតណាម គ្រោងនឹងបង្រ្កាបការលក់ប័ណ្ណបើកបរ ក៏ដូចជាសកម្មភាពស៊ីសំណូកនានា ដែលជួយដល់អ្នកបើកបរប្រឡងជាប់យកប័ណ្ណបើកបរ។ ស្ថាប័នទាំងពីរនេះនឹងបំពេញទិន្នន័យ ពាក់ព័ន្ធជាមួយនាយកដ្ឋានប៉ូលិសចរាចរណ៍។ សកម្មភាពទិញប័ណ្ណបើកបរ ឬក្លែងបន្លំនានា បានកើតឡើងជាបន្តបន្ទាប់ ក្រោយនាយកដ្ឋានផ្លូវថ្នល់វៀតណាម បង្កើនសំណួរប្រឡងយកប័ណ្ណ បើកបរពី ៤៥០-៦០០សំណួរ ដើម្បបង្កើនគុណភាព។

គួរបញ្ជាក់ថា រយៈពេល០៥ខែដំបូងក្នុងឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ ៦,៧៧៩ករណីបាន កើតឡើងនៅក្នុងប្រទេសវៀតណាម ដោយផ្ដាច់ជីវិតមនុស្ស ៣,១២៨នាក់, របួសធ្ងន់ ២,០២៤នាក់ និងរបួសស្រាល ៣,២៣០នាក់។ វៀតណាមត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែល​កំពុងគិតគូរខ្លាំងបំផុតក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈវិធានការក្តៅៗជាច្រើន នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕