(ស៊ីដនី)៖ មនុស្ស ៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះនៅក្នុងខេត្ត វែស័ញូប្រ៊ីតថិន (West New Britain) នៃប្រទេសប៉ាពួញូហ្គីណេ និងផ្ទះកម្អែររបស់វារហូតដល់ទៅ ១៩គីឡូម៉ែត្រឯណោះទៅក្នុងផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
ភ្នំភ្លើងអ៊ូឡាវុន (Ulawun) ត្រូវបានគេដឹងថា គឺជាភ្នំភ្លើងដ៏សកម្ម និងគ្រោះថ្នាក់បំផុតនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយវាត្រូវបានអាជ្ញាធរជំនាញប៉ាពួញូហ្គីណេអះអាងថា បានផ្ទុះយ៉ាងកក្រើកកាលពីវេលាម៉ោង ១១៖៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងផតម៉ូសបាយ)។ អាជ្ញាធរបានបន្តទៀតថា ប្រជាជនត្រូវបានបញ្ជាឲ្យជម្លៀសជាបន្ទាន់ ពីតំបន់អ៊ូឡាម៉ូណា (Ulamona) ដែលស្ថិតនៅកៀកភ្នំភ្លើង ទៅកាន់តំបន់សុវត្ថិភាពមួយមានឈ្មោះថា កាបាយ៉ា (Kabaya) ខណៈដែលយានជំនិះកំពុងខ្វះខាត។
គួរបញ្ជាក់ថា ជើងហោះហើរឆ្លងកាត់តំបន់ខាងលើនេះ ក៏ត្រូវបានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្នសិនផងដែរ ហើយដោយឡែករឿងបន្ទាន់មួយទៀតដែលត្រូវធ្វើ នោះគឺការផ្តល់ទីជម្រក ទឹក និងចំណីអាហារសម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់ ដែលបានចាកចោលលំនៅឋានរបស់ពួកគេយ៉ាងទាន់ហន់។ រហូតមកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍អំពីជនរងគ្រោះ ឬក៏ការខូចខាតជារួមនោះឡើយ៕