(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងថា មនុស្សសរុបចំនួន ០២នាក់បានស្លាប់ និង ០៧នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះថ្នាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Antonov An-24 បានផ្ទុះឆេះក្រោយពេលចុះចត និងជ្រុលទៅបុកអគារមួយខ្នង នៅថ្ងៃព្រហស្បតិ៍នេះនាអាកាសយានដ្ឋាន ប៊ឺរីយ៉ាទី (Buryatia) ក្នុងតំបន់ស៊ីប៊េរីប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធររុស្ស៊ី យន្ដហោះដឹកអ្នកដំណើរខាងលើមានផ្ទុកមនុស្ស ៤៦នាក់ ក្នុងនោះមានទាំងពីឡុត 0៤នាក់ ក្នុងដំណើរផ្លូវហោះហើរពីតំបន់ យូឡេនយូដេ (Ulan-Ude) ទៅកាន់តំបន់ នីស្នៀនហ្គាសក៍ (Nizhneangarsk)។ យន្ដហោះនេះបានធ្វើការចុះចតជាបន្ទាន់មួយ តែនៅពេលចុះចតនេះស្រាប់តែបានជ្រុលទៅបុកអគារតូចមួយ ហើយក៏ផ្ទុះឆេះតែម្ដង។
គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ខាងលើ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត រីឯយន្ដហោះ Antonov An-24 ត្រូវបានគេដឹងថា ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី អាងហ្គារ៉ា (Angara)៕