(វ៉ាស៊ីនតោន)៖ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង កំពុងត្រៀមជួបមុខគ្នានៅថ្ងៃសៅរ៍ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន សារព័ត៌មានដ៏ធំរបស់អាមេរិក Bloomberg ស្រាប់តែបានទម្លាយព័ត៌មានថា ក្រុមហ៊ុន Huawei បានលួចអនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការជាមួយយោធាចិន លើគម្រោងស្រាវជ្រាវយ៉ាងតិចចំនួន ១០ ក្នុងអំឡុងពេលមួយទសវត្សរ៍កន្លងមកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
បើតាម Bloomberg គម្រោងស្រាវជ្រាវដែលក្រុមបុគ្គលិករបស់ Huawei បានសហការជាមួយយោធាចិន រួមមានទាំងការអភិវឌ្ឍផ្នែកបញ្ញាវៃឆ្លាត (AI ឬ Artificial Intelligence) រហូតដល់ប្រព័ន្ធទំនាក់ទំនងជាដើម។ ឆ្លើយតបសេចក្តីរាយការណ៍នេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ក្រុមហ៊ុនមិនមានកិច្ចសហការ ឬភាពជាដៃគូនៃផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយយោធាចិនឡើយ ខណៈផលិតផលដែលក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិតចេញមកសុទ្ធតែស្របតាមស្តង់ដាស៊ីវិល នៅទូទាំងពិភពលោក គឺមិនមានផលិតផលដែលត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍន៍ឡើងជាពិសេស សម្រាប់វិស័យយោធានោះទេ។
ស្របពេលដែល Huawei បានរីកមុខរីកមាត់ខ្លាំងក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ឈានមុខមួយលើពិភពលោក ក្រុមហ៊ុនចិន មួយនេះ ក៏បានក្លាយជាមុខព្រួញនៃការវាយប្រហារ និងដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក អស់រយៈពេលសរុបទៅជាងមួយឆ្នាំហើយ ក្រោមការចោទប្រកាន់ដដែលជាដដែលថា ឧបករណ៍ទូរគមនាគមន៍របស់ Huawei មានបង្កប់ការតាមដានសម្ងាត់ ដែលអាចឲ្យរដ្ឋាភិបាលចិនស៊ើបការណ៍បាន។
ដើម្បីតតាំងជាមួយការចោទប្រកាន់នេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ផលិតផលរបស់ខ្លួនមានភាពស្អាតស្អំ និងគ្មានការគំរាមកំហែងសន្តិសុខណាមួយឡើយ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានយល់ព្រមឲ្យប្រទេសដទៃ ធ្វើតេស្តរកមើលការពិតផងដែរ ខណៈសហភាពអឺរ៉ុបកន្លងមក ក៏បានធ្វើការស្រាវជ្រាវពីរឿងនេះរួចហើយ ប៉ុន្តែពុំឃើញមានបញ្ហាមិនប្រក្រតីណា មួយលើផលិតផលរបស់ Huawei នោះទេ។
ទោះជាបែបនេះក្តី រដ្ឋាភិបាលអាមេរិកកាលពីខែមុន បានសម្រេចកត់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅតែម្តង។ ទង្វើនេះហាមមិនឲ្យមានការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ Huawei នៅលើទឹកដីអាមេរិក និងដាក់កំហិតយ៉ាងធ្ងន់ធ្ងរលើការរក ស៊ីរបស់ក្រុមហ៊ុនអាមេរិកជាមួយ Huawei។
ខណៈការដាក់បម្រាមខាងលើកើតមានឡើងចំពេលអាមេរិក និងចិនស្ថិតក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបថា លោកចង់ឲ្យបញ្ចូលបញ្ហានៃក្រុមហ៊ុន Huawei ទៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយចិនថែមទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការទម្លាយព័ត៌មាន របស់បណ្តាញសារព័ត៌មាន ដ៏ធំមួយរបស់អាមេរិកដែលថា Huawei បានសំងំធ្វើការជាមួយយោធាចិន អស់រយៈពេលជាច្រើនឆ្នាំ គឺកើតមានឡើងស្របពេល ដែលប្រធានាធិបតីអាមេរិក និងចិនកំពុងឆ្ពោះទៅប្រទេសចិន ដើម្បីត្រៀមជួបមុខគ្នានៅថ្ងៃខាន ស្អែកនេះ។
ទាក់ទិនជំនួបនេះ លោក ត្រាំ បានព្រមានម្តងជាពីរដងថា លោក នឹងដំឡើងពន្ធលើទំនិញទំហំរាប់រយពាន់លានដុល្លារទៀតរបស់ចិន ប្រសិនបើជំនួបនេះមិនសម្រេចបានកិច្ចព្រមព្រៀងអ្វីទេនោះ។ ដូច្នេះការទម្លាយព័ត៌មាននាពេលនេះ ហាក់ដូចជាចេតនាមួយរបស់អាមេរិក ក្នុងធ្វើឲ្យចិនបន្ទន់ឥរិយាបទមកវិញ ដើម្បីឲ្យបានកិច្ចព្រមព្រៀងណាមួយ ដែលអាចបន្ធូរបន្ថយសង្គ្រាមដំឡើងពន្ធរវាងមហាយក្សទាំងពីរ ខណៈភាគីទាំងពីរសុទ្ធតែដឹងថា វានឹងបង្កការខាតបង់ធ្ងន់ធ្ងរឡើងៗទាំងសងខាង៕