(វ៉ាស៊ីនតោន)៖ រូបថតមួយសន្លឹករបស់ឪពុក និងកូនស្រីជាជនអន្តោប្រវេសន៍មកពីប្រទេសអែលសាវ៉ាឌ័រ ដែលបានស្លាប់ដោយសារលង់ទឹកក្នុងទន្លេ រីយ៉ូ ហ្គ្រេនដ៍ (Rio Grande) នៃតំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ បានក្លាយជាប្រធានបទជជែកដេញយ៉ាងក្ដៅគគុក រវាងអ្នកនយោបាយអាមេរិក ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) បានចាត់ទុករូបថតមួយសន្លឹកជារឿងដ៏រន្ធត់ និងសោកសៅជាទីបំផុត ហើយថែមទាំងបានអះអាងទៀតផងថា គោលនយោបាយបង្រ្កាបជនអន្តោប្រវេសន៍របស់លោក ត្រាំ អាចនឹងបណ្ដាលឱ្យមានមនុស្សស្លាប់កាន់តែច្រើន។ លោក Sanders បានបន្ថែមយ៉ាងដូច្នេះទៀតថា «គោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ នឹងកាន់តែបង្កការលំបាកសម្រាប់ជនអន្តោប្រវេសន៍ ដោយធ្វើឱ្យពួកគេបែកបាក់ គ្រួសារ... ហើយអ្នកដែលធ្វើរឿងបែបនេះ គឺជាមនុស្សឃោរឃៅ អមនុស្សធម៌ និងមានតែនាំទៅរកសោកនាដកម្មកាន់តែច្រើនប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក អូស្ការ អាល់ប៊ឺតូ ម៉ាទីណែស (Oscar Alberto Martinez) មានអាយុ ២៥ឆ្នាំ និងកូនស្រីឈ្មោះ អ៊ែនជី វ៉ាឡឺរៀ (Angie Valeria) អាយុ ២៤ខែ ត្រូវបានគេរកឃើញដេកស្លាប់នៅក្នុងទឹកទន្លេ Rio Grande នៅក្នុងសប្ដាហ៍នេះ។ អ្នកទាំងពីរ គឺជាជនអន្តោប្រវេសន៍មកពីប្រទេសអែលសាវ៉ាឌ័រ និងមានបំណង សុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
ដោយឡែកកាលពីដើមសប្តាហ៍នេះ សមាជិកសភាដែលកំពុងគ្រប់ដោយបក្សប្រជាធិបតេយ្យ ក៏បានអនុម័តលើកញ្ចប់ថវិកាមនុស្សធម៌ប្រមាណជាង ៤ពាន់លានដុល្លារផងដែរ ដើម្បីជួយសង្គ្រោះជនភៀសខ្លួនដែលកំពុងរងគ្រោះយ៉ាងខ្លាំងនៅតាមព្រំដែនអាមេរិក-ម៉ិចស៊ីកូ ប៉ុន្តែគេត្រូវរង់ចាំព្រឹទ្ធសភា ដែលកំពុងគ្រប់គ្រងដោយបក្សសាធាណរដ្ឋ អនុម័តជាចុងក្រោយសិនទើបថវិកានោះអាចយកទៅប្រើការបាន៕