(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ជាថ្មីចំពោះអសមភាព នៃសម្ព័ន្ធភាពយោធារវាងសហរដ្ឋអាមេរិក និងជប៉ុនដោយអះអាងថា បើសិនជាអាមេរិករងការវាយប្រហារណាមួយ នោះជប៉ុនមិនអាចចូលជួយពេញដៃពេញជើងនោះទេ ហើយថែមទាំងអាចមើលការវាយប្រហារនេះ នៅលើអេក្រង់ទូរទស្សន៍ Sony ទៀតផង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅពេលផ្ដល់បទសម្ភាសន៍ឱ្យទូរទស្សន៍ Fox Business Network មុនពេលត្រួវជួបលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ នៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុននៅក្នុងសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដូចខ្ញុំធ្លាប់បាននិយាយពីមុនអ៊ីចឹង! ប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក រួមទាំងជប៉ុនបាន ទាញប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក ដោយមិនមានសមភាពឡើយ... ជាឧទាហរណ៍ បើជប៉ុនរងការវាយប្រហារណាមួយ នោះយើងនឹងចូលធ្វើសង្រ្គាមលោកលើកទី ៣ ជាមួយការពលីជីវិត និងទ្រព្យសម្បត្តិរបស់យើង។ ប៉ុន្តែបើយើងរងការវាយប្រហារវិញ ជប៉ុនមិនអាចជួយយើងពេញដៃពេញជើងនោះទេ ហើយពួកគេថែមទាំងអាចមើលពួកយើងត្រូវបានគេវាយប្រហារ នៅលើអេក្រង់ទូរទស្សន៍ Sony ទៀតផង»។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក ដូណាល់ ត្រាំ មានបំណងដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាការពារជាតិជាមួយជប៉ុន ប៉ុន្តែខាងរដ្ឋាភិបាលជប៉ុន និងអាមេរិកសុទ្ធតែបានចេញមុខ ច្រានចោលសេចក្ដីរាយការណ៍នេះដូចគ្នា។ សន្ធិសញ្ញាការពារគ្នារវាងអាមេរិក និងជប៉ុន
ត្រូវបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ១៩៥១ រួមជាមួយសន្ធិសញ្ញាទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ដែលបានបិទបញ្ចប់សង្រ្គាមលោកទីពីរជាផ្លូវការ។ សន្ធិសញ្ញានេះត្រូវបានកែសម្រួលនៅឆ្នាំ១៩៦០ ដែលផ្តល់សិទ្ធិឲ្យអាមេរិកបោះមូលដ្ឋានទ័ពនៅលើទឹកដីជប៉ុន ជាថ្នូរនឹងការសន្យាថា អាមេរិកគឺជាខែលការពាររបស់ជប៉ុន ប្រសិនបើជប៉ុនរងការវាយប្រហារណាមួយ៕