(អាមេរិក)៖ ភាពមិនប្រក្រតីនៅក្នុងរូបភាពមួយនៃភពអង្គារ (Mars) ដែលថតបានដោយយានរុករក Curiosity របស់ទីភ្នាក់ងារ អវកាសអាមេរិក NASA បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនយល់ថា វាទំនងជាភស្តុតាងនៃវត្តមានជីវិតអេលៀន យ៉ាងពិតប្រាកដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
យានរុករក Curiosity របស់អង្គការ NASA បានបន្តបាញ់បញ្ជូនរូបភាពនៃភពអង្គារ ត្រឡប់មកកាន់ផែនដី ចាប់តាំងតែពីវាបាន ចុះទៅដល់ទីនោះកាលពីឆ្នាំ២០១២។ រូបភាពដែលបានធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលនាពេលថ្មីៗនេះ គឺត្រូវបានថតកាលពីថ្ងៃ ទី១៦ ខែមិថុនានេះ ដែលបង្ហាញឲ្យឃើញនូវពន្លឺពណ៌សយ៉ាងចម្លែកមួយ អណ្តែតនៅលើផ្ទៃមេឃរបស់ភពក្រហមនេះ។
រូបភាពខាងលើដែលជារូបភាពប្រភេទស-ខ្មៅ គឺបានមកពីកាមេរ៉ា Navcam នៅផ្នែកខាងស្តាំរបស់ Curiosity។ យ៉ាងណាមិញ ភ្លាមៗនោះ វា មិនច្បាស់ឡើយទេថា តើពន្លឺសនោះបង្កឡើងដោយសារអ្វី ព្រោះថារូបភាពផ្សេងៗទៀត ដែលថតនៅមុននិង ក្រោយ រូបភាព ដែល ផ្ទុកភាពមិនប្រក្រតី មិនមានបង្ហាញពន្លឺសនៅចំណុចនោះទេ។
គួរជម្រាបថា ខណៈមហាជនភាគច្រើនបានសន្និដ្ឋានភ្លាមៗថា វាអាចជាភស្តុតាងនៃវត្តមានរបស់ពួកអេលៀន អង្គការ NASA បានចេញមុខបកស្រាយថា ពន្លឺចម្លែកនោះគ្រាន់ជាបាតុភូតមួយ កើតឡើងចេញពីឥទ្ធិពលនៃពន្លឺរបស់ព្រះអាទិត្យប៉ុណ្ណោះ។ រូបភាពស្រដៀងគ្នានេះ ដែលថតដោយយាន Curiosity កាលពីឆ្នាំ២០១៤ ក៏បានបង្កភាពភ្ញាក់ផ្អើលមិនខុសគ្នាដែរ ប៉ុន្តែត្រូវបាន NASA បញ្ជាក់ថា គ្រាន់តែជាចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យទេ៕