ប្រធានាធិបតីស្រីលង្កា «សម្រេចឲ្យមានការផ្តន្ទាទោសប្រហារជីវិត» ចំពោះក្រុមបង្កបទល្មើសគ្រឿងញៀន
26-06-2019 13:43
(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) នៅថ្ងៃពុធនេះបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងជម្រុញឱ្យមានការអនុវត្ត ការកាត់ទោសប្រហារជីវិតឡើងវិញទៅលើពិរុទ្ធជន ០៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។
ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងកូឡុំបូ លោក Sirisena បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានចុះហត្ថលេខារួចហើយលើការអនុញ្ញាត ឲ្យមានកាត់ទោសប្រហារជីវិតចំពោះពិរុទ្ធ ០៤នាក់... ទោសនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ ហើយយើងក៏បានសម្រេចចិត្តពីកាលបរិច្ឆេទរួចរាល់ហើយដែរ»។ ប៉ុន្តែលោក Sirisena មិនបានបញ្ជាក់លម្អិតពីឈ្មោះពិរុទ្ធជន ឬកាលបរិច្ឆេកកាត់ទោសប្រហារជីវិតឡើយ។
គួរជម្រាបថា ការកាត់ទោសប្រហារជីវិតលើកចុងក្រោយបំផុត នៅក្នុងប្រទេសស្រីលង្កា ត្រូវបានធ្វើឡើងកាលពីជាង ៤៣ឆ្នាំមុនឯណោះ។ ការអនុវត្តន៍ទោសប្រហារជីវិតឡើងវិញ ចំពោះបទឧក្រិដ្ឋកម្មគ្រឿងញៀននេះត្រូវបានគេមើលឃើញថា ជាវិធានការក្តៅដើម្បីទប់ទល់នឹងបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ នៅលើប្រទេសដីកោះមួយនេះ៕