(កាប៊ុល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃអង្គារសប្ដាហ៍នេះបានបំពេញ ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់ទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី (Ashraf Ghani) ពាក់ព័ន្ធនឹងកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងជំនួបជាមួយលោក Ghani លោក ប៉ុមប៉េអូ បាននិយាយថា លោកសង្ឃឹមថាអាហ្វហ្គានីស្ថាន អាចនឹងស្វែងរកសន្តិភាពបញ្ចប់ជម្លោះរុំារ៉ៃបច្ចុប្បន្ន នៅមុនការបោះឆ្នោតប្រធានាធិបតី អាហ្វហ្គានីស្ថានចូលមកដល់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ។ បន្ថែមពីលើនេះលោក ប៉ុមប៉េអូ និង Ghani ក៏បានឯកភាពគ្នាដែរអំពីការស្វែងរកសន្តិភាព ដែលជាអទិភាពមួយត្រូវសម្រេចឱ្យបាន។
គួរបញ្ជាក់ថា បើតាមលោក ប៉ុមប៉េអូ សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដកកងទ័ព ចេញពីអាហ្វហ្គានីស្ថាន ដោយមិនកំណត់ពីកាលបរិច្ឆេទឡើយ។ មួយវិញទៀត ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកនេះទៀតសោត កើតមានឡើងនៅមុនកិច្ចប្រជុំលើកទី ៧ រវាងអ្នកតំណាអាមេរិក និងក្រុមតាលីបង់ត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ សំដៅបិទបញ្ចប់ជម្លោះដ៏រុំរ៉ៃចាប់តំាងពីសហរដ្ឋអាមេរិក ចូលឈ្លានពានអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ មក៕