ជំនួបត្រាំ-គីមលើកទី៣ នឹងត្រូវធ្វើឡើងក្រោយលោក ត្រាំ បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង? (Video inside)
26-06-2019 09:19
(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលវេលាស័ក្តិសមណាមួយ ស្របពេល គេរំពឹងថាជំនួបនេះអាចនឹងត្រូវបានគេប្រកាសនៅក្រោយដំណើរទស្សនកិច្ចរបស់លោកនៅកូរ៉េខាងត្បូង ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ នឹងត្រូវបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្ដាហ៍នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុន។ លោក ត្រាំ និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាលើកចុងក្រោយនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ តែកិច្ចប្រជុំនេះទទួលបរាជ័យ។
គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក ត្រាំ កើតមានឡើង នៅចំពេលដែលមានការ សន្និដ្ឋានជាច្រើនថាជំនួបលើកទី៣របស់លោកជាមួយលោក គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើង នៅតំបន់ព្រំដែនគ្មានយោធារវាងប្រទេសកូរ៉េទាំង២។ ម្យ៉ាងវិញទៀត ជំនួបរវាងមេដឹកនាំទំាង២ ក៏ត្រូវគេព្យាករណ៍ដែរថាទំនងជានឹងត្រូវបានប្រកាស នៅក្រោយលោក ត្រាំ បំពេញទស្សនកិច្ចនៅ កូរ៉េខាងត្បូង ខណៈទាំងលោក គីម និងលោក ត្រាំ សុទ្ធតែអះអាងពីទំនាក់ទំនងដ៏ផ្អែមល្ហែមនៅ ក្នុងសំបុត្រផ្ញើឱ្យគ្នាទៅវិញទៅមក នាពេលថ្មីៗនេះ៕