(ព្រុចសែល)៖ សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យកងកម្លាំងតួកគីបញ្ជាការហោះហើរ ឬចូលរួមក្នុងកម្មវិធីអភិវឌ្ឍ យន្ដហោះចម្បាំងបំបំាងកាយ F-35 ទៀតឡើយ បើសិនជាទីក្រុងអង់ការ៉ា មិនព្រមបោះបង់ការទិញប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400 ពីរុស្ស៊ីទេនោះ។ នេះបើតាមបេសកជនពិសេសអាមេរិកប្រចំា​ណាតូ ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ លោកស្រី Kay Bailey Hutchison ដែលជាបេសកជនពិសេសអាមេរិក ប្រចំាអង្គការ​ណាតូ បានលើកឡើងដូច្នេះថា៖ «គ្រប់យ៉ាងបានបង្ហាញថារុស្ស៊ីនឹងប្រគល់ S-400 ឱ្យតួកគី...តែយើង នឹងមិនបណ្ដោយឱ្យប្រព័ន្ធមីស៊ីលនេះបំផ្លាញដល់យុទ្ធសាស្ត្រការពារដែនអាកាសរបស់ណាតូឡើយ។ ដូច្នេះតួកគី នឹងត្រូវបានបាត់បង់ F-35 បើសិនជាទីក្រុងអង់ការ៉ា មិនបោះបង់ចោល S-400»

គួរជម្រាបថា ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹង ថាអាចនឹងជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នាចុងខែមិថុនានេះ ហើយបញ្ហាពាក់ព័ន្ធនឹង S-400 អាចនឹងក្លាយជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចពិភាក្សារវាងមេដឹកនាំទាំង២៕