(ព្រុចសែល)៖ ការស្ទង់មតិមួយចេញផ្សាយនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ប្រជាជនពិភពលោកតែជាងពាក់កណ្ដាលប៉ុណ្ណោះ គិតថាប្រទេសរបស់ពួកគេមានប្រជាធិបតេយ្យ ខណៈប្រជាជនអឺរ៉ុបខាងលិចមួយចំនួនចាត់ទុកថា ការកើនឡើងនៃបណ្ដាញទំនាក់ទំនងសង្គម ជាការគំរាមកំហែងដល់លិទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ការស្ទង់ខាងលើដែលធ្វើឡើងដោយក្រុមហ៊ុនស្ទង់មតិអាល្លឺម៉ង់ Dalia Research and Alliance of Democracies Foundation តាមរយៈការសាកសួរមនុស្សច្រើនជាង ១៥០,០០០នាក់មកពី ៥៧ប្រទេសបានរកឃើញថា ទោះបីស្ថិតក្នុងប្រទេសប្រជាជាធិបតេយ្យក៏ដោយ តែប្រជាជន ៣៨ភាគរយ មិនពេញចិត្តចំពោះកិច្ចការរដ្ឋ។
ជាក់ស្ដែងនៅសហរដ្ឋអាមេរិក ដែលកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ ប្រជាជនអាមេរិកផ្ទាល់កំពុងមានភាពសង្ស័យ លើប្រជាធិបតេយ្យរបស់ពួកគេដោយ ៤៦ភាគរយយល់ថា អាមេរិកមានប្រជាធិបតេយ្យ រីឯ៤០ភាគរយនិយាយថា មិនទាន់មានប្រជាធិបតេយ្យគ្រប់គ្រាន់។ ដោយឡែកនៅអឺរ៉ុបវិញ ប្រជាជនរហូតដល់ ៥២ភាគរយ គិតថាសហភាពអឺរ៉ុបមិនបានធ្វើសកម្មភាព ដោយឈរលើផលប្រយោជន៍អឺរ៉ុបទាំងមូលនោះទេ ហើយការរិះគន់បែបនេះមានច្រើនជាងគេនៅក្នុងចំណោមប្រជាជន អ៊ីតាលី បារាំង និងក្រិក។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិខាងលើដដែលប្រជាជនច្រើនជាង ៤០ភាគរយដែលត្រូវបានសាកសួរនៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក និងអូទ្រីស ព្រមទាំងមួយចំនួនផ្សេងទៀតថា សុទ្ធតែមានការយល់ឃើញប្រហាក់ប្រហែលគ្នាថា បណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook និង Twitter ជាដើមបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់លិទ្ធិប្រជាធិបតេយ្យ៕