(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នាថ្ងៃអង្គារនេះបានប្រាប់ថា ទីក្រុងតូក្យូបានទទួលការបញ្ជាក់រួចហើយ គឺសហរដ្ឋអាមេរិកពុំមានគោលដៅ ដើរចេញពីសន្ធិសញ្ញាការពារជាតិជាមួយជប៉ុនឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងតូក្យ ក្រោយសារព័ត៌មានអាមេរិក Bloomberg បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្មីៗនេះបានពិចារណាចង់ដកអាមេរិក ចេញពីសន្ធិសញ្ញាការពារជាតិ ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយជាមួយជប៉ុន ដោយសារតែវាធ្វើឲ្យប្រទេសលោកខាតបង់នោះ លោក Suga បាននិយាយថា «អ្វីដែលបានចុះផ្សាយលើសារព័ត៌មាន ដូចអ្នកទាំងអស់គ្នាបានលើកឡើង គឺមិនពិតទេ ដោយយើងក៏បានទទួលការបញ្ជាក់ ពីប្រធានាធិបតីអាមេរិកផងដែរថា វាស្របជាមួយគោលនយោបាយរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្នឡើយ»។

គួរជម្រាបថា សន្ធិសញ្ញាខាងលើត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១ រួមជាមួយសន្ធិសញ្ញាទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ដែលបានបិទបញ្ចប់សង្រ្គាមលោកទីពីរជាផ្លូវការ។ សន្ធិសញ្ញានេះត្រូវបានកែសម្រួលនៅឆ្នាំ១៩៦០ ដែលផ្តល់សិទ្ធិឲ្យអាមេរិកបោះ មូលដ្ឋានទ័ព​នៅលើទឹកដីជប៉ុនជាថ្នូរនឹងការសន្យាថា អាមេរិកគឺជាខែលការពាររបស់ជប៉ុន ប្រសិនបើជប៉ុនរងការវាយប្រហារណាមួយ ហើយចាប់តាំងពីចាញ់សង្រ្គាមលោកមក ជប៉ុនពុំមានយោធាផ្លូវការ ឬក៏សិទ្ធិប្រកាសសង្រ្គាមជាមួយប្រទេសដទៃទៀតឡើយ។ លោក ត្រាំ គិតថាសន្ធិសញ្ញានេះមានភាពលម្អៀងចំពោះប្រទេសលោក គឺដោយសារក្នុងករណីអាមេរិករងការវាយប្រហារ ជប៉ុនមិនមានកាតព្វកិច្ចមកជួយការពារអាមេរិក ដូចពេលជប៉ុនរងការវាយប្រហារនោះទេ៕