(អ៊ីស្តង់ប៊ុល)៖ ក្រុមអ្នកវិភាគស្ថានការណ៍ និងនយោបាយតួកគីបានលើកឡើងថា ប្រទេសចិនគឺជាសមាសធាតុដ៏សំខាន់បំផុតមួយ សម្រាប់សន្តិភាពនៃពិភពលោកទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងក្រសែភ្នែកអ្នកវិភាគតួកគីរួមមានលោក ស៊ែលឃ្យូក កូឡាកូគ្លូ (Selcuk Colakoglu) នាយកមជ្ឈមណ្ឌលសិក្សាតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក គូតាយ ខារ៉ាកា (Kutay Karaca) សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ អ៊ីស្តង់ប៊ូលអាយឌីន (Istanbul Aydın) ប្រទេសចិនគឺជាអ្នកគាំទ្រច្បាប់អន្តរជាតិ សម្រាប់ការសម្រេចបាននូវសណ្តាប់ធ្នាប់ និងស្ថិរភាព នៅក្រោមក្រមខណ្ឌនៃអង្គការសហប្រជាជាតិ។
លោក Calakoglu បាននិយាយថា «បន្ទាប់ពីជោគជ័យក្នុងការអភិឌ្ឍសេដ្ឋកិច្ច ឥឡូវនេះចិនកំពុងអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងបោះទុនក្នុងកិច្ចផ្តួចផ្តើមប្រកបដោយសន្តិភាព ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗ ទាំងនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក។ និយាយរួមចិនបានក្លាយជាអ្នកជ្រោមជ្រែងដ៏ចម្បងនៃសន្តិភាព និងស្ថិរភាព ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ»។
លោក Calakoglu បានបន្តថា ខណៈប្រទេសមួយចំនួនមិនគោរពតាមច្បាប់របស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ផ្សេងៗទៀតក៏ដោយ ចិនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខពីរលើលោក និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់ UN នៅតែមានការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះសហគមន៍អន្តរជាតិ និងជាប្រទេសដែលមានភាពទទួលខុសត្រូវខ្ពស់ សម្រាប់អភិបាលកិច្ចសកល។ ហេតុនេះហើយ ចិនគឺមិនអាចខ្វះបានឡើយ ក្នុងការដោះស្រាយបញ្ហាពិភពលោកឲ្យបានត្រឹមត្រូវ។
ចំណែកលោក Karaca ដែលយោងលើទិន្នន័យក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ UN បានលើកឡើងថា ចិនជាអ្នកចូលរួមចំណែកដ៏ធំមួយ ក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅជុំវិញពិភពលោក។ លោក Karaca បាននិយាយថា «ចិនគឺជាសមាសធាតុផ្សំយ៉ាងសំខាន់បំផុតមួយ សម្រាប់សន្តិភាពសកល។ នយោបាយការបរទេស និងសន្តិសុខរបស់ចិន មានសារសំខាន់ជាខ្លាំងចំពោះសន្តិភាពពិភពលោក ដើម្បីធានានូវតុល្យភាពអំណាច»។ បើតាមលោក Karaca ពិភពលោកយើងសព្វថ្ងៃ ត្រូវការប្រទេសចិន ដែលមានសុខសន្តិភាពគ្រប់ពេលវេលាទាំងអស់៕