Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ីនៅតែចង់លក់អាកាសចរណ៍ Malaysia Airlines ប៉ុន្តែអត្តសញ្ញាណជាក្រុមហ៊ុនជាតិនៅតែរក្សាទុកដដែល

25-06-2019 15:25

(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានបំណងលក់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ Malaysia Airlines (MAS) ប៉ុន្តែអត្តសញ្ញាណជាក្រុមហ៊ុនរបស់ជាតិ នឹងនៅតែរក្សាទុកដដែល។ នេះបើតាមសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ ធ្វើការកត់សម្គាល់បែបនេះ ប្រាប់អ្នកសារព័ត៌មាន នាឱកាសចូលរួមវេទិកាតុមូល អាស៊ីប៉ាស៊ីហ្វិកលើកទី ៣៣ នៅថ្ងៃអង្គារនេះ។ លោក មហាធៀ បានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «រដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ បានធ្វើកំណែទម្រង់ជាច្រើនដើម្បីផ្លាស់ប្ដូរ MAS ប៉ុន្តែយើងតែងតែបរាជ័យ... ហេតុដូច្នេះ វាគឺជាពេលវេលាដែលយើងត្រូវតែជួយសង្រ្គោះក្រុមហ៊ុន Malaysia Airlines»

គួរបញ្ជាក់ថា ក្រុមហ៊ុន Malaysia Airlines បានបរាជ័យឡើងទៅឈរលេខរៀងកំពូលទាំង ២០ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចាប់តាំងពីឆ្នាំ២០១៤ មក ហើយមិនតែប៉ុណ្ណោះថែមទាំងធ្លាក់ទៅដល់លេខ ៣៤ទៀត កាលពីឆ្នាំ២០១៨។ នៅខែមិនា ឆ្នាំ២០១៤ យន្តហោះម៉ាឡេស៊ីមួយគ្រឿងដែលមានជើងហោះហើរ MH370 ជាមួយមនុស្សជិះនៅលើនោះទាំងអស់ ២៣៩នាក់ បាន់បាត់ដំណឹងរហូតមកដល់បច្ចុប្បន្ននេះ នៅតែមិនទាន់អាចសន្មត់ថា បណ្តាលមកពីមូលហេតុអ្វី ឬស្ថិតនៅទីណា។ បន្ថែមពីនេះទៀត កាលពីខែកក្កដា ឆ្នាំ២០១៤ យន្តហោះមួយគ្រឿងទៀតរបស់ម៉ាឡេស៊ីដដែលគឺ MH17 បានធ្លាក់នៅភាគខាងកើតអ៊ុយក្រែនជាមួយមនុស្ស ២៩៨នាក់ដែលបានបាត់បង់ជីវិតទាំងអស់៕